វិធីសាស្ត្រកាត់បន្ថយភាពតានតឹងផ្លូវអារម្មណ៍

ភាពតានតឹងផ្លូវអារម្មណ៍ ដែលគេហៅជាភាសាអង់គ្លេសថា Stress គឺជាបញ្ហាមួយប្រភេទដែលកើតឡើងចំពោះមនុស្សភាគច្រើន។ ជាទូទៅ វាតែងតែកើតឡើងដោយសារតែសម្ពាធពីការងារ ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ឬព្រឹត្តិការណ៍ដែលនឹកស្មានមិនដល់ណាមួយ តួយ៉ាងដូចព្រឹត្តិការណ៍បិទខ្ទប់រាជធានី (Lockdown) ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះអ៊ីចឹង ដែលបានធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍តានតឹងនៅក្នុងចិត្តជាខ្លាំង។ ដូច្នេះយើងត្រូវ រៀបចំផែនការគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីហានិភ័យដែលបង្កឡើងដោយភាពតានតឹងទាំងនោះ៖

ខាងក្រោមនេះ យើងនឹងណែនាំពីវិធីសាស្ត្រខ្លះៗក្នុងការកាត់បន្ថយភាពតានតឹង៖

១- ការធ្វើលំហាត់ប្រាណ

ការហាត់ប្រាណអាចជួយកាត់បន្ថយភាពតានតឹងបាន ដោយសារវាធ្វើឱ្យរាងកាយរបស់អ្នកបញ្ចេញនូវអរម៉ូនមួយចំនួនដូចជា Endorphins ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ។ ការហាត់ប្រាណមិនមែនសំដៅតែលើការហាត់ប្រាណលក្ខណៈធំដុំទេ វាអាចជាការដើរលម្ហែនៅរយៈពេលប្រមាណ១០នាទីក៏បាន។

ការហាត់ប្រាណ (ប្រភព៖ Tom's Guide)

២- ការរៀបផែនការ

ភាពតានតឹងអាចចាប់ផ្តើមនៅពេលដែលអ្នកមានអារម្មណ៍ថាធុញថប់នឹងចំនួនការងារដែលត្រូវធ្វើឬពេលកំណត់ដែលត្រូវតែបំពេញ។ ការសរសេរបញ្ជីការងារត្រូវដែលធ្វើឬយុទ្ធសាស្ត្រគ្រប់គ្រងពេលវេលាអាចជួយឱ្យអ្នកផ្តោតការយកចិត្តទុកដាក់លើការងារនីមួយៗរហូតដល់ចប់ដោយមានរបៀបរៀបរយនិងមានប្រសិទ្ធភាព។ អ្នកគួរតែចំណាយពេលខ្លះដើម្បីសរសេរបញ្ជីការងារដែលត្រូវធ្វើ និងចាត់ចែងការងារណាដែលត្រូវធ្វើមុននិងការងារណាដែលត្រូវធ្វើក្រោយ។ ការបែងចែកការងារនិងកំណត់ពេលវេលាច្បាស់លាស់អាចធ្វើឱ្យអ្នកអាចធ្វើការបានរលូនជាមុន។

៣- ការដកដង្ហើម

ភាពតានតឹងឬការថប់អារម្មណ៍អាចជះឥទ្ធិពលដល់ការដកដង្ហើមដែលប៉ះពាល់ដល់អារម្មណ៍និងរាងកាយរបស់អ្នក។ ដូច្នេះ ការដកដង្ហើមវែងៗពីរឬបីដងអាចជួយឱ្យការដកដង្ហើមនិងចង្វាក់បេះដូងរបស់អ្នកដើរបានល្អ និងធ្វើឱ្យចិត្តរបស់អ្នកស្ងប់។

៤- ចំណាយពេលលម្ហែខួរក្បាលខ្លះ

នៅពេលអ្នកចាប់ផ្តើមកត់សម្គាល់ថា ភាពតានតឹងផ្លូវចិត្ត កំពុងជះឥទ្ធិពលដល់អារម្មណ៍ឬអាកប្បកិរិយារបស់អ្នក វាប្រហែលជាដល់ពេលហើយដែលអ្នកត្រូវចំណាយពេលពីរបីនាទីដើម្បីលម្ហែខួរក្បាល។ អ្នកអាចធ្វើអ្វីដែលអ្នកចូលចិត្តដូចជា អានសៀវភៅ ស្តាប់ចម្រៀង ស្វែងរកមិត្តភក្តិឬមិត្តរួមការងារដែលអ្នកទុកចិត្តដើម្បីនិយាយគ្នាលេង ឬប្រាប់ពីអារម្មណ៍របស់អ្នកជាដើម។

ការស្ដាប់តន្រ្តី (ប្រភព៖ Well+Good)

៥- សមាធិ

ប្រសិនបើអ្នកធ្វើការទាំងអារម្មណ៍តប់ប្រមល់នោះ វាពិតជាមិនល្អនោះទេ។ អ្នកគួរតែយកពេលសម្រាកខ្លះនិងធ្វើអារម្មណ៍ឱ្យស្ងប់ដោយការធ្វើសមាធិ។ ការធ្វើសមាធិត្រូវបានបង្ហាញជាលក្ខណៈវិទ្យាសាស្ត្រថាអាចជួយកាត់បន្ថយនិងគ្រប់គ្រង Stress លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងធ្វើឱ្យអ្នកមានអារម្មណ៍មូលល្អ។

ប្រភព៖ គេហទំព័រ  Queensland health

ប្រែសម្រួលដោយ៖ ថា ជាវៃ

Comments