ទម្លាប់ឬសកម្មភាពធម្មតាៗដែលអាចបង្កឱ្យមានបញ្ហាក្រពះ

អ្នកតែងតែគិតថាការទទួលទានអាហារនិងការផឹកទឹកគឺជាទម្លាប់ឬជារឿងធម្មតាដែលតែងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកមិនបានដឹងឡើយថា បន្ទាប់ពីអ្នកបានធ្វើវារួចហើយ តើនឹងមានបញ្ហាឬរឿងអ្វីកើតឡើងនៅក្នុងខ្លួនអ្នក? តាមពិតទៅ នៅក្នុងខ្លួនមនុស្សប្រៀបដូចជារោងចក្រដែលប្រកបដោយគ្រឿងម៉ាស៊ីនជាច្រើន ដែលដំណើរការគ្មានពេលសម្រាកនិងឥតឈប់ឈរ។ ដូចជានៅពេលដែលអ្នកទទួលទានអាហារ បន្ទាប់ពីអ្នកបានបរិភោគអាហារចូលទៅនោះ ក្រពះរបស់អ្នកនឹងចាប់ផ្ដើមដំណើរការក្នុងការរំលាយអាហារ ហើយបន្ទាប់មកក៏ចាប់ផ្ដើមបែងចែកនិងទាញយកថាមពលពីអាហារដើម្បីទ្រទ្រង់សារពាង្គកាយរបស់អ្នកឱ្យមានកម្លាំងក្នុងការបំពេញការងារអ្វីមួយ។ ក្រៅពីនេះ ក៏នៅមានទម្លាប់ជាច្រើនដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃក្រពះរបស់អ្នកផងដែរដូចជា៖

១-ការបរិភោគអាហារមិនទៀងទាត់ពេលវេលា

មនុស្សទូទៅមិនបានគិតច្រើនទៅលើការបរិភោគអាហារនោះទេ ដែលភាគច្រើនពួកគេបរិភោគនៅពេលដែលពួកគេឃ្លានតែប៉ុណ្ណោះ។ការធ្វើបែបនេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ក្រពះ ព្រោះក្រពះមានតួនាទីក្នុងការរំលាយអាហារទៅតាមពេលវេលាទៀងទាត់ដែលអ្នកធ្លាប់បានបរិភោគអាហារ។ នៅពេលដែលអ្នកមិនបរិភោគអាហារនៅក្នុងពេលណាមួយនោះ វាធ្វើឱ្យសារធាតុឬជាតិអាស៊ីតរបស់ក្រពះដែលបញ្ចេញមកសម្រាប់រំលាយអាហារទៅប៉ះពាល់ជាមួយនឹងសាច់ក្រពះដែលបង្កឱ្យមានការរលាកក្រពះឬអាចនិយាយបានថាជំងឺឈឺក្រពះជាដើម។

២- ការបរិភោគអាហារដែលមានជាតិហឹរនិងក្ដៅខ្លាំង

មនុស្សមួយចំនួនធំ ជាពិសេសយុវវ័យចូលចិត្តបរិភោគអាហារណាដែលមានរសជាតិហឹរខ្លាំង ហើយថែមទាំងចូលចិត្តបរិភោគជាប្រចាំទៀតផង។ ប៉ុន្តែការបរិភោគអាហារដែលមានរសជាតិហឹរខ្លាំងនិងខ្សោយខ្លាំងអាចធ្វើឱ្យប៉ះពាល់ដល់ក្រពះ ដូចជាបង្កទៅជាជំងឺរលាកក្រពះឬដំបៅក្រពះជាដើម។ ដើម្បីកាត់បន្ថយនូវបញ្ហាក្រពះ អ្នកគួរតែកាត់បន្ថយការបរិភោគអាហារណាដែលមានជាតិហឹរខ្លាំងឬឈប់បរិភោគអាហារដែលមានជាតិហឹរខ្លាំងតែម្ដង។

សរុបជារួមទៅ សកម្មភាពធម្មតាៗដែលអ្នកគិតថាជាសកម្មភាពប្រចាំថ្ងៃក៏អាចបង្កឱ្យអ្នកមានជំងឺក្រពះផងដែរ។ ក្រៅពីនេះ ក៏នៅមានសកម្មភាពជាច្រើនទៀតដែលបណ្ដាលឱ្យមានបញ្ហារលាកក្រពះឬដំបៅក្រពះដូចជា ការជក់បារី ការផឹកជាតិកាហ្វេអ៊ីនច្រើនហួសប្រមាណ និងភាពតានតឹងជាដើម។

រៀងរៀងដោយ៖ ជឿក គីមឡាង




Comments