រឿង៥យ៉ាងដែលអ្នកត្រូវដឹង ប្រសិនបើអ្នកគិតចង់បញ្ចប់ជីវិតខ្លួនឯង

មនុស្សស្ទើរតែគ្រប់គ្នា មិនថាអ្នកជាអ្នកណា មកពីណា កើតក្នុងគ្រួសារឬវណ្ណៈអ្វីក៏ដោយ តែងតែធ្លាប់ជួបប្រទះនូវគ្រាលំបាកមួយដែលធ្វើឱ្យជីវិតរបស់យើងហាក់ដូចជាបាត់បង់អ្វីម្យ៉ាង ហើយក៏គិតថានឹងបញ្ចប់បញ្ហាគ្រប់យ៉ាងដោយការសម្លាប់ខ្លួន ប៉ុន្តែតើអ្នកដឹងទេថា អ្នកមានជីវិតដំណើរដ៏វែងឆ្ងាយទៅមុខទៀត ហើយបញ្ហាដែលអ្នកកំពុងជួបនៅពេលនេះគ្រាន់តែជាឧបសគ្គមួយដែលកំពុងសាកល្បងភាពរឹងមាំរបស់អ្នកតែប៉ុណ្ណោះ។ 

មិនថាតែក្នុងហេតុផលណាក៏ដោយ ការសម្លាប់ខ្លួនមិនមែនជាជម្រើសដ៏ល្អប្រសើរនោះឡើយ។ អាស្រ័យហេតុនេះ មុនពេលដែលអ្នកគិតចង់សម្លាប់ខ្លួន ចូរពិចារណាទៅលើរឿងទាំងប្រាំយ៉ាងនេះសិន៖

១- អ្នកត្រូវវែកញែកឱ្យច្បាស់

អ្នកត្រូវតែរកឱ្យឃើញថា តើអ្នកពិតជាចង់ស្លាប់ឬអ្នកគ្រាន់តែចង់ឱ្យអារម្មណ៍ឈឺចាប់របស់អ្នកបញ្ចប់? មនុស្សភាគច្រើនយល់ថា ពួកគេពិតជាមិនចង់ស្លាប់នោះទេ ប៉ុន្តែពួកគេគ្រាន់តែចង់ឱ្យការឈឺចាប់របស់ពួកគេបញ្ចប់តែប៉ុណ្ណោះ។ ដូច្នេះ អ្នកត្រូវតែរកផ្លូវដើរចេញពីការឈឺចាប់របស់ខ្លួនតាមវិធីផ្សេងៗ ដូចជាតាមរយៈការសាកល្បងគិតពីអ្វីដែលអ្នកពេញចិត្តវិញ ហើយឈប់គិតពីអតីតកាលដែលកើតឡើងនោះ ប្រហែលជាអ្នកអាចនឹងមានអារម្មណ៍ធូរស្បើយឡើងវិញបាន។ 

២- គិតពីអ្វីដែលអ្នកពេញចិត្ត

អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកគ្មានហេតុផលអ្វីសម្រាប់រស់នៅបន្តទៀតទេ។ ចូរសាកល្បងអង្គុយចុះ ហើយចាប់ផ្ដើមកត់ត្រានូវអ្វីៗគ្រប់យ៉ាងដែលអ្នកពេញចិត្តឬអ្វីដែលធ្លាប់ធ្វើឱ្យអ្នកញញឹម។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកដឹងថា ជីវិតរបស់អ្នកមានអ្វីល្អៗច្រើនជាងរឿងឈឺចាប់ដែលអ្នកកំពុងរងទុក្ខនៅពេលនេះទៅទៀត។

៣- មនុស្សជុំវិញខ្លួនអ្នក

សូមអ្នកសាកល្បងគិតទៅមើលថា តើការស្លាប់របស់អ្នកនឹងមានឥទ្ធិពលទៅលើអ្នកដទៃដូចម្ដេចខ្លះ? ចូរសាកល្បងរាប់នូវឈ្មោះមនុស្សដែលនឹងរងផលប៉ះពាល់ពីការបាត់បង់រូបអ្នក។ ពួកគេនឹងខូចចិត្តយ៉ាងណាដោយសារការបញ្ចប់ជីវិតរបស់អ្នក។ តើអ្នកពិតជាចង់ធ្វើបាបពួកគេមែនទេ?

៤- បញ្ហានឹងរសាត់ទៅ

“ រឿងនេះនឹងកន្លងផុតទៅ!” អ្នកត្រូវចាំថា បញ្ហារបស់អ្នកគ្រាន់តែជារឿងដែលកើតឡើងបណ្ដោះអាសន្នតែប៉ុណ្ណោះហើយវាមិននឹងនៅជាមួយអ្នករហូតនោះទេ។ គ្មាននរណាម្នាក់ដែលអាចមើលដឹងឬព្យាករណ៍ទុកមុខអំពីអនាគតនិងជោគវាសនារបស់ខ្លួនឯងបានឡើយ ដូច្នេះ ចូរទុកឱកាសឱ្យពេលវេលាក្នុងការផ្ដល់មកឱ្យអ្នកនូវរឿងរ៉ាវល្អនៅពេលខាងមុខ។ 

៥- ក្តីសង្ឃឹម

អនុញ្ញាតឱ្យខ្លួនអ្នកសើច ដោយអ្នកអាចមើលកំប្លែង ឬវីឌីអូ ឬក៏អ្វីក៏ដោយដែលធ្វើឱ្យអ្នកសើចចបាន។ គេតែងតែនិយាយថា “សំណើចគឺជាឱសថដ៏ល្អបំផុត”  ដូច្នេះ ចូរអនុញ្ញាតឱ្យការសើចផ្លាស់ប្ដូរអារម្មណ៍របស់អ្នកទៅចុះ។

ជាចុងក្រោយ អ្នកត្រូវជឿជាក់លើខ្លួនឯងថា អ្នកអាចដោះស្រាយបញ្ហាទាំងនេះបាន គ្រប់បញ្ហាទាំងអស់សុទ្ធតែមានដំណោះស្រាយ ដូច្នេះ អ្នកមិនត្រូវជ្រើសរើសការសម្លាប់ខ្លួននោះទេ។

ប្រភព៖ គេហទំព័រ PsychCentral

ប្រែសម្រួលដោយ៖ ហ៊ន ពុទ្ធីវុធ

©គ្រឹះស្ថានហាតប៊ុក

Comments