អាហារ៥ប្រភេទដែលល្អចំពោះសុខភាពសួត

ការថែទាំសុខភាពរបស់សរីរាង្គដកដង្ហើម (សួត) របស់អ្នកគឺពិតជាសំខាន់ណាស់ ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលរបស់ជំងឺកូវីដ-១៩នេះ ប្រសិនបើសុខភាពសរីរាង្គដកដង្ហើមរបស់អ្នកខ្សោយស្រាប់នោះ អ្នកនឹងងាយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាជាងបុគ្គលដែលមានសុខភាពសរីរាង្គដកដង្ហើមល្អ ។ ខាងក្រោមនេះ យើងនឹងណែនាំប្រភេទអាហារមួយចំនួនដែលល្អដល់សុខភាពសរីរាង្គដកដង្ហើមរបស់អ្នក។

១- រមៀត

តាមការសិក្សាក្នុងចំណោមមនុស្ស២ ៤៧៨នាក់បានបង្ហាញឱ្យឃើញថា ការទទួលទានសារជាតិ curcumin ចេញពីម្សៅរមៀតអាចជួយឱ្យមុខងាររបស់សួតដំណើរការបានល្អប្រសើរ។ លើសពីនេះ មុខងារសួតរបស់អ្នកជក់បារីដែលទទួលទានសារជាតិ curcumin គឺដំណើរការល្អជាងមុខងារសួតរបស់អ្នកដែលមិនមានសារជាតិ curcumin ដល់ទៅ៩.២%។ 

២- ម្ទេសប្លោក

ម្ទេសជាបន្លែម៉្យាងក្នុងចំណោមបន្លែផ្សេងទៀតដែលសំបូរដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមរលាយក្នុងទឹកដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មក៏ខ្លាំងក្លានៅក្នុងរាងកាយរបស់អ្នក។ ការសិក្សាជាច្រើនបានបង្ហាញឱ្យឃើញថា អ្នកជក់បារីដែលទទួលទានវីតាមីន C ខ្ពស់ មានមុខងារសួតល្អជាងអ្នកទទួលទានវីតាមីន C ទាប។

៣- ផ្លែប៉ោម

ការទទួលទានផ្លែប៉ោមអាចជួយដល់មុខងារសួតបានប្រសើរ ពិសេសគឺវាមានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យនៃការកើតជំងឺហឺតនិងមហារីកសួតផងដែរ។ កត្តានេះអាចបណ្តាលមកពីការប្រមូលផ្តុំសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្ពស់ដែលមាននៅក្នុងផ្លែប៉ោមរួមបញ្ចូលទាំងសារជាតិផ្លាវ៉ូណូអ៊ីត (flavonoids) និងវីតាមីន C ។ 

៤- យ៉ាអួ

យ៉ាអួរសំបូរដោយកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ និងសេលេញ៉ូម ដែលយោងទៅតាមការស្រាវជ្រាវបានបង្ហាញថា សាធាតុចិញ្ចឹមទាំងនេះអាចជួយជំរុញមុខងារសួតនិងការពារពីហានិភ័យនៃការកើតជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease COPD) ដល់ទៅ ៣៥% ផងដែរ។  

៥- ផ្លែល្ពៅ

ផ្លែល្ពៅសំបូរទៅដោយសារធាតុ ការ៉ូតេណូអ៊ីត (carotenoids) រួមបញ្ចូលទាំង បេតាការ៉ូទីន (beta-carotene), លុយតេអ៊ីន (lutein) និង zeaxanthin ដែលសារធាតុទាំងអស់នេះជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងនឹងការរលាកដ៏ខ្លាំង។  ការសិក្សាបានបង្ហាញថា ការ៉ូតេណូអ៊ីត (carotenoids) អាចជួយឱ្យមុខងារសួតល្អប្រសើរជាងមុន។ 

យ៉ាងណាមិញ អាហារខាងលើនេះគ្រាន់តែអាចជំនួយមុខងាររបស់សួត ប៉ុន្តែមិនអាចបញ្ចៀសពីការឆ្លងជំងឺកូវីដ-១៩បាននោះឡើយ ពោលគឺវាគ្រាន់តែជួយជំរុញសុខភាពសួតឱ្យរឹងមាំជាងមុនប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមកុំភ្លេចវិធានការ “៣កុំ និង ៣ការពារ” របស់រាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារពីការឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕

ប្រភព៖ គេហទំព័រ Healthline

ប្រែសម្រួលដោយ៖ ជ័ង នីងស៊ាំង


Comments