រឿងរ៉ាវប្លែកៗដ៏គួរឱ្យចាប់អារម្មណ៍ពីស៊ូស៊ី (Sushi)

ស៊ូស៊ី គឺជាអាហារដ៏ពេញនិយមមួយប្រភេទរបស់ប្រទេសជប៉ុន ប៉ុន្តែវាក៏បានសាយភាយភាពល្បីល្បាញទៅកាន់បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ។ ថ្វីដ្បិតតែគ្រឿងផ្សំដ៏សំខាន់របស់ស៊ូស៊ី គឺជាសាច់ត្រីឆៅក៏មែនពិត ប៉ុន្តែរសជាតិរបស់វានៅធ្វើឱ្យមនុស្សជាច្រើនជាប់ចិត្តនិងមិនអាចបំភ្លេចវាបានដោយងាយៗឡើយ។ មិនត្រឹមតែប៉ុណ្ណោះ  ចុងភៅជំនាញនៅប្រទេសជប៉ុនសុទ្ធតែដឹងពីរបៀបធ្វើឱ្យស៊ូស៊ីនីមួយៗមានពណ៌ស្អាត មានរូបរាងល្អ មានរសជាតិឆ្ងាញ់ និងមានការច្នៃប្រតិដ្ឋខ្ពស់ផងដែរ។

ខាងក្រោមនេះ គឺជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីស៊ូស៊ី៖

  • ស៊ូស៊ី មិនមែនមានដើមកំណើតនៅប្រទេសជប៉ុននោះទេ ពោលគឺវាមានដើមកំណើតនៅក្នុងប្រទេសចិន
  • ស៊ូស៊ី កាលពីដើមទ្បើយជាអាហារសម្រន់ដែលមានតម្លៃថោក និងត្រូវបានគេញ៉ាំដោយដៃផ្ទាល់ ពេលដែលកំពុងរីករាយនឹងទស្សនាការសម្តែងល្ខោន
  • វ៉ាសាប៊ិ (Wasabi) ដែលអ្នកយកមកទទួលទានជាមួយនឹងស៊ូស៊ីរាល់ដង ប្រហែលមិនមែនជា វ៉ាសាប៊ិ ពិតប្រាកដនោះទេ ព្រោះវាត្រូវបានផ្សំទ្បើងពីសារធាតុផ្សេងជំនួសឱ្យដើមវ៉ាសាប៊ិតែប៉ុណ្ណោះ
  • ដើមឡើយ បាយស៊ូស៊ីមិនត្រូវបានគេបរិភោគទេ ដោយគ្រាប់បាយត្រូវបានគេបោះចោល ហើយមានតែត្រីប៉ុណ្ណោះដែលគេបរិភោគ
  • ណូរី (Nori) - សារ៉ាយសមុទ្រដែលប្រើសម្រាប់រុំស៊ូស៊ី ធ្លាប់ត្រូវបានគេយកចេញពីជើងផែឈើនិងផ្ទៃទូកក្រោមទឹក។
  • ត្រីភូសហ្វើ (Puffer fish) ដែលគេយកមកធ្វើស៊ូស៊ី គឺជាត្រីដែលមានគ្រោះថ្នាក់បំផុត ដែលអាចធ្វើឱ្យមនុស្សស្លាប់បាន ដោយសារតែវាមានផ្ទុកជាតិពុលដ៏សាហាវនៅក្នុងក្រពេញនិងសរីរាង្គរបស់វា ដូច្នេះ ទើបគេទាមទារឱ្យចុងភៅត្រូវតែមានជំនាញច្បាស់លាស់ក្នុងការធ្វើត្រីនេះផងដែរ
  • ដុំមូលស៊ូស៊ី ឬគេហៅថា ម៉ាគី (Maki) គឺជាស្នាដៃសិល្បៈរបស់ចុងភៅនីមួយៗ
  • ស៊ូស៊ី ត្រូវបានគេណែនាំឱ្យញ៉ាំដោយដៃផ្ទាល់ រីឯចង្កឹះត្រូវបានប្រើជាធម្មតាដើម្បីបរិភោគ សាស៊ីមី (sashimi) - ដែលជាចំណិតត្រីឆៅ
  • ការខ្ជះខ្ជាយទឹកស៊ីអ៊ីវនៅក្នុងការញ៉ាំស៊ូស៊ី គឺជាឥរិយាបថមួយដែលមិនល្អ
  •  អ្នកមិនគួរជ្រលក់ស៊ូស៊ីចូលទៅក្នុងចានទឹកស៊ីអ៊ីវទាំងស្រុងឡើយ។ អ្នកគួរតែជ្រលក់ស៊ូស៊ីតែផ្នែកខាងក្រៅឬពីលើបន្តិចប៉ុណ្ណោះ

ប្រភពពី៖ គេហទំព័រ Trip Savvy

ប្រែសម្រួលដោយ៖ មាស មុនី




Comments