កំហុសធំ៣នៅក្នុងពាក្យសុំការងារ (CV) របស់បេក្ខជន

ជាញឹកញាប់ អ្នកគ្រប់គ្រងតែងតែពិនិត្យមើលពាក្យសុំការងារ (Resume) អស់រាប់រយពាក្យមុននឹងអាចស្វែងរកពាក្យសុំពីរឬបីដែលល្អបាន។ ដូច្នេះ តើអ្នកគួរធ្វើយ៉ាងណាទើបអាចឱ្យពាក្យសុំការងារ (CV) របស់ខ្លួន មិនស្ថិតនៅក្នុងចំណោមពាក្យសុំការងារដែលត្រូវបានគេទាត់ចោលនោះ?

ជាទូទៅ ពាក្យសុំការងារដែលមិនស្ថិតនៅក្នុងជម្រើសនោះ ច្រើនតែជាពាក្យសុំដែលបានភ្ជាប់ទៅជាមួយនូវកំហុសឆ្គងធំៗចំនួនបី ដែលរួមមាន៖

១- អត់មានប្រវត្តិរូបនៅក្នុងកម្មវិធីលីងអ៊ីន (No LinkedIn)៖ ប្រវត្តិរូប LinkedIn របស់អ្នកគួរតែស្ថិតនៅផ្នែកខាងលើនៃពាក្យសុំការងាររបស់អ្នកត្រង់កន្លែង "ទំនាក់ទំនង" (ឬគេហទំព័រវិជ្ជាជីវៈផ្ទាល់ខ្លួនរបស់អ្ន កប្រសិនបើមាន)។ និយោជកចង់បានមនុស្សដែលមានភាពម៉ឺងម៉ាត់និងជាមនុស្សដែលចង់បានភាពរីកចម្រើនក្នុងអាជីពរបស់ពួកគេ។ នេះមានន័យថា អ្នកត្រូវបង្កើនប្រសិទ្ធភាពបណ្តាញវិជ្ជាជីវៈរបស់អ្នក ហើយបង្ហាញសមិទ្ធិផលជោគជ័យរបស់អ្នកនៅលើអ៊ីនធឺណិត។ ត្រូវប្រាកដថា អ្នកធ្វើបច្ចុប្បន្នភាពលីងអ៊ីន (LinkedIn) របស់អ្នកផងដែរ។ 

២- មិនបានបញ្ជាក់ពីជំនាញរឹង (Hard Skill) និងជំនាញទន់ (Soft Skill) ឱ្យបានគ្រប់គ្រាន់៖ ជំនាញរឹងទាក់ទងនឹងចំណេះដឹងនិងការបណ្តុះបណ្តាលបច្ចេកទេស (ឧទាហរណ៍ ជំនាញកាត់ត ជំនាញគណនា Excel) ចំណែកឯជំនាញទន់គឺជាលក្ខណៈពិសេសផ្នែកវិជ្ជាជីវៈ (ឧទាហរណ៍ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងពេលវេលា)។ អ្នកគប្បីប្រើប្រាស់សមាមាត្រ ២:១ ដែលមានន័យថា សម្រាប់រាល់ជំនាញរឹងពីរ ត្រូវមានជំនាញទន់មួយ។

៣- ចំណងជើងពាក្យសុំដែលមិនពាក់ព័ន្ធ៖ មុខតំណែងដែលអ្នកដាក់ គួរតែស្ថិតនៅផ្នែកខាងលើនៃប្រវត្តិរូប និងនៅខាងក្រោមព័ត៌មានទំនាក់ទំនងរបស់អ្នក។ ពាក្យគន្លឹះនៅក្នុងចំណងជើងជីវប្រវត្តិរបស់អ្នកប្រាប់អ្នកជ្រើសរើសភ្លាមៗថា អ្នកជាបេក្ខជនដ៏ល្អសម្រាប់តំណែងនេះឬយ៉ាងណា។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងដាក់ពាក្យស្នើសុំការងារដែលមានតំណែងជា “អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកម៉ាកយីហោក្រុមហ៊ុន (Senior Brand Manager)” ហើយចំណងជើងប្រវត្តិរូបសង្ខេបរបស់អ្នកដាក់ថា៖ “អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកម៉ាកយីហោក្រុមហ៊ុន” នោះ វាជាការត្រឹមត្រូវហើយ។ ប៉ុន្តែប្រសិនបើចំណងជើងប្រវត្តិរូបសង្ខេបរបស់អ្នកគឺ “អ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយសង្គម” នោះអ្នកប្រកាសជ្រើសរើសនៅតែពិចារណាមើលវា (ប្រសិនបើការងារទាំងពីរមានភាពស្រដៀងគ្នា) ប៉ុន្តែពួកគេនឹងមិនមានការទុកចិត្តថា អ្នកគឺជាមនុស្សដែលសក្តិសមនឹងតំណែងនោះទេ។

រៀបរៀងដោយ៖ អៀ ដាវី

ប្រភពពី៖ គេហទំព័រ CNBC

សៀវភៅ វិធីសាស្រ្តប្រមាញ់ការងារ



Comments