ភាពអស្ចារ្យនៃប្រាសាទពីរ៉ាមីតដែលអ្នកប្រហែលពុំធ្លាប់បានដឹង

ប្រាសាទពីរ៉ាមីតជីហ្សា (Giza) ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប គឺជាអច្ឆរិយវត្ថុដ៏អស្ចារ្យនិងអាថ៌កំបាំងបំផុតមួយនៃពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មាននូវរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ដែលជាអាថ៌កំបាំងជាច្រើនដែលអ្នកប្រហែលមិនធ្លាប់បានដឹងពីវាកន្លងមក។ តើភាពអស្ចារ្យទាំងនោះមានអ្វីខ្លះ?

១- ប្រាសាទពីរ៉ាមីតជីហ្សា គឺជាអច្ឆរិយវត្ថុដ៏ចំណាស់ជាងគេនិងតែមួយគត់ដែលនៅសេសសល់ក្នុងចំណោមអច្ឆរិយវត្ថុទាំងប្រាំពីរនៃពិភពលោកបុរាណ

២- ប្រាសាទពីរ៉ាមីតត្រូវបានគេគិតថា បានសាងសង់ឡើងពីថ្មចំនួនជាង២លានដុំ ដែលមានទម្ងន់រហូតដល់ទៅជាងហាសិបតោន ប៉ុន្តែវានៅតែជាអាថ៌កំបាំងអំពីរបៀបដែលដុំថ្មទាំងនោះត្រូវបានដឹកជញ្ជូន។  ប្រវត្តិវិទូប៉ាន់ស្មានថា មានមនុស្សជាង១០០ ០០០នាក់បានចូលរួមក្នុងការស្ថាបនាសំណង់ដ៏មហិមាមួយនេះ ហើយពួកគេប្រហែលជាមិនមែនជាទាសករដូចអ្វីដែលយើងធ្លាប់គិតនោះទេ ប៉ុន្តែពួកគេគឺជាកម្មករដែលបានប្រាក់ខែច្រើន

៣- ប្រាសាទពីរ៉ាមីតទាំងអស់នៅក្នុងប្រទេសអេហ្ស៊ីប រួមទាំងប្រាសាទដែលបានសាងសង់នៅលើខ្ពង់រាបជីហ្សា សុទ្ធតែស្ថិតនៅលើច្រាំងខាងលិចនៃទន្លេនីល ពីព្រោះនោះជាកន្លែងដែលព្រះអាទិត្យលិចជារៀងរាល់ល្ងាច ដែលជានិមិត្តរូបនៃអាណាចក្រមនុស្សស្លាប់

៤- ទោះបីជានៅប្រទេសអេហ្ស៊ីបអាចនឹងការកើនឡើងនូវកម្ដៅជាញឹកញាប់ក៏ដោយ ក៏សីតុណ្ហភាពនៅខាងក្នុងប្រាសាទពីរ៉ាមីតនៅតែថេរ២០អង្សាសេជានិច្ច

៥- ការកសាងប្រាសាទជារាងសាជី គឺជាភស្តុតាងដ៏ជាក់ច្បាស់មួយដែលបង្ហាញថាប្រជាជនអេហ្ស៊ីបមានភាពរីកចម្រើនឈានមុខគេ។ គេបានរកឃើញថា ប្រាសាទនេះត្រូវបានកសាងឡើងនៅកំលុងពេលដែលមានគ្រោះរញ្ជួយដីនិងការឡើងនៃរលកកម្ដៅផងដែរ

៦- ប្រាសាទពីរ៉ាមីតត្រូវបានគេរាយការណ៍ថា ធ្លាប់ត្រូវបានបំពាក់ដោយទ្វារវិលវល់ដែលមានទម្ងន់រហូតដល់ទៅ២០តោន ដែលគេអាចរុញចេញពីខាងក្នុងយ៉ាងស្រួល ប៉ុន្តែវាវិលខ្លាំងពេក រហូតមើលមិនឃើញពីខាងក្រៅ។

ប្រភព៖ គេហទំព័រ On the Go Tours Blog
ប្រែសម្រួលដោយ៖ សៅ ពៅបញ្ញា

Comments