សំណួរមិនល្អមួយដែលឪពុកម្ដាយគ្រប់រូបមិនគួរសួរទៅកូនៗរបស់ខ្លួន

តើអ្នកចង់ធ្វើអ្វីនៅពេលដែលអ្នកធំឡើង?
កាលនៅជាកូនក្មេង សំណួរនេះគឺជាសំណួរមួយដែលខ្ញុំមិនពេញចិត្តទាល់តែសោះ។ ម្តាយឪពុក និងអ្នកផ្សេងទៀតតែងតែសួរសំណួរនេះមកកាន់ខ្ញុំ ហើយមិនថាចម្លើយរបស់ខ្ញុំគឺបែបណានោះទេ ក៏ពួកគាត់មិនដែលពេញចិត្តទាល់តែសោះ។ នៅពេលដែលខ្ញុំឆ្លើយថា ខ្ញុំចង់ធ្វើវីរបុរស ពួកគាត់សើចខ្ញុំ។ គោលបំណងបន្ទាប់របស់ខ្ញុំ គឺចូលរួមទៅក្នុងក្រុមបាល់ទះជម្រើសជាតិ ប៉ុន្តែបន្ទាប់ពីខ្ញុំបានធ្លាក់ចេញពីការប្រកួតសាកល្បង៣ឆ្នាំជាប់ៗគ្នា គោលបំណងមួយនោះក៏បានរលាយសូន្យបាត់ទៅ។​ នៅឆមាសដំបូងនៃសាកលវិទ្យាល័យ ខ្ញុំបានសម្រេចចិត្តជ្រើសរើសជំនាញចិត្តវិទ្យា ប៉ុន្តែជំនាញមួយនេះនៅតែមិនទាន់ជាគោលបំណងរបស់ខ្ញុំដដែល។ ខ្ញុំគ្មានគោលបំណងច្បាស់លាស់នោះទេ ហើយខ្ញុំពិតជាច្រណែននឹងអ្នកដែលមានផែនការអាជីពការងារច្បាស់លាស់។ នៅក្នុងស្ថានភាពបែបនេះ តើខ្ញុំគួរបន្ទោសនរណា? ឪពុកម្ដាយរបស់ខ្ញុំឬខ្លួនខ្ញុំផ្ទាល់?
មនុស្សយើងម្នាក់ៗសុទ្ធសឹងតែមានជម្រើសក្នុងការជ្រើសរើសធ្វើអ្វីដែលយើងចង់ធ្វើ។ ជម្រើសនៅទីនេះមិនមែនសំដៅតែទៅអាជីពឬការងារនោះទេ ប៉ុន្តែវាក៏អាចសំដៅទៅលើកន្លែងដែលយើងចង់នៅ សាលាដែលយើងចង់រៀន ប្រភេទមនុស្សដែលយើងចង់រៀបការជាមួយ និងចង់បានកូនប៉ុន្មានជាដើម។ វាគឺជាការល្អ ប្រសិនបើយើងចេះកំណត់គោលដៅបានច្បាស់លាស់ ប៉ុន្តែវាគឺជាគ្រោះថ្នាក់ប្រសិនបើគោលដៅឬផែនការដែលយើងបានកំណត់នោះគឺជាការចង់បានរបស់អ្នកដទៃ មិនមែនកើតចេញពីឆន្ទៈរបស់យើងផ្ទាល់។ នៅពេលដែលយើងផ្តោតទៅលើគោលដៅតែមួយជាប់លាប់ពេល វាធ្វើឱ្យយើងមិនអាចមើលឃើញនូវជម្រើសល្អៗផ្សេងទៀតឡើយ។ ដូច្នេះ ឪពុកម្ដាយមិនគួរបង្ខំកូនឱ្យកំណត់គោលដៅតាំងតែពីពេលដែលពួកគេនៅក្មេងនោះទេ ប៉ុន្តែគួរទុកឱកាសឱ្យពួកគេស្វែងរកខ្លួនឯងឱ្យឃើញ ក៏ដូចជាឈ្វេងយល់ពីពិភពលោកឱ្យបានកាន់តែទូលំទូលាយសិន សឹមកំណត់តាមក្រោយក៏មិនហួសពេលដែរ។ ម៉្យាងវិញទៀត តួនាទីសំខាន់របស់ឪពុកម្ដាយគួរតែជាការជំរុញទឹកចិត្តនិងផ្ដល់ការប្រឹក្សាយោបល់ជាជាងការបង្ខំឬសម្រេចចិត្តជំនួស។

ប្រភពពី៖ គេហទំព័រ គេហទំព័រ CNBC

ប្រែសម្រួលដោយ៖ អៀ ដាវី

Comments