រឿងនិទានខ្លី៖ ហេតុអ្វីបានជាបងទិញសៀវភៅឱ្យអូន?

នៅក្នុងសួនច្បារនៃឧទ្យានមួយ បុរសម្នាក់កំពុងកាន់សៀវភៅដែលមានចងបូយ៉ាងស្រស់ស្អាត រួចហុចទៅជូននារីដែលជាម្ចាស់ចិត្តរបស់គេ ។

ពេលនោះ សំឡេងនៃនារីម្ចាស់ចិត្តបានបន្លឺឡើងថា៖ "ហេតុអ្វីបានជាបងទិញសៀវភៅឱ្យអូន?"

បុរសនោះញញឹមហើយតបថា៖ "បងទិញសៀវភៅឱ្យអូន ព្រោះបងគិតថាសៀវភៅនេះអាចជួយអូនបានច្រើនជាងបាច់ផ្កា និងអាចជួយអូនឱ្យមានសេចក្តីសុខ។ បងទិញសៀវភៅឱ្យអូន ព្រោះបងគិតថាវាជាអនុស្សាវរីយ៍ដែលអាចនៅក្បែរអូនពេញមួយជីវិត ជាពិសេសនៅពេលអូនពិបាកចិត្ត អស់សង្ឃឹម និងជួបបញ្ហានានានៅក្ន្ងងជីវិត សៀវភៅទាំងនេះអាចនៅកំដរអូនគ្រប់ពេលវេលា។ បងទិញសៀវភៅឱ្យអូន ព្រោះបងគិតថាអូនជានារីដែលចូលចិត្តអានសៀវភៅ ហើយអូននឹងពេញចិត្តនៅពេលបងទិញសៀវភៅជូនអូន។ បងទិញសៀវភៅឱ្យអូន ព្រោះបងគិតថា អូនជាអនាគតនៃកូនក្រមុំរបស់បង ដូច្នេះបើបងទិញសៀវភៅជូន អូន ប្រៀបដូចជាបងកំពុងតែធ្វើឱ្យអនាគតកូនក្រមុំបង ក្លាយជានារីកាន់តែស្រស់ស្អាតនិងប្រកបដោយចរិយាល្អប្រពៃម្នាក់អ៊ីចឹង។

បុរសជាសង្សាបានកាន់ដៃម្ចាស់ចិត្ត ហើយក៏បានបន្តថា៖ "បងមិនមែនជាបុរសដែលមានលុយច្រើន ដែលពូកែរ៉ូមេទិក ឬផ្អែមល្ហែមអ្វីនោះទេ ប៉ុន្តែបងគ្រាន់តែជាជនដែលក្រីក្រនិងជាមនុស្សដែលសាមញ្ញធម្មតាម្នាក់ ប៉ុន្តែបងមានរបស់ម្យ៉ាងដែលសំខាន់ជាងអ្វីៗទាំងអស់ នោះគឺសេចក្តីស្រឡាញ់និងបេះដូងដ៏បរិសុទ្ធរបស់បង ឮសម្រាប់រូបអូន"។

បុរសជាគូស្នេហ៍ញញឹម ថយក្រោយបន្តិច ហើយលត់ជង្គង់ទៅនឹងដី និងបន្លឺសម្តីតិចៗថា៖ "ចុងក្រោយ បងសុំសួរអូនថា តើអូនអាចរៀបការជាមួយនឹងបងបានទេ? "

នារីជាគូស្នេហ៍បែរមុខចេញ សម្លឹងទៅឆ្ងាយ ទឹកភ្នែកក៏ហូរស្រក់មកបន្តិច និងបន្លឺសៀងវាចាថា "ទេ! អូនមិនព្រមជាដាច់ខាត"

បុរសធ្វើភ្នែកស្លឺ ទម្លាក់ទឹកមុខបន្តិចរួចសួរថា៖ "តើហេតុអ្វីទៅ?"

នាងក៏បែរមកសម្លឹងភ្នែករបស់គេ រួចញញឹម និងនិយាយតិចៗថា៖ "អូនមិនព្រមបដិសេធនឹងសំណើររបស់បងជាដាច់ខាត!" នាងក៏ព្រមទទួលយកសៀវភៅ ដោយស្នាមញញឹមបញ្ចេញនៅលើថ្ពាល់ខួចទាំងសង។

បុរសនោះញញឹម លាយនឹងក្តីរំភើប ឯនារីជាម្ចាស់ស្នេហ៍ក៏បន្តទៀតថា"តើបងដឹងទេ ថាហេតុអ្វីបានជាអូនព្រមរៀបការជាមួយនឹងបង? " នាងក៏បន្តទៀតថា៖"អូនយល់ព្រមរៀបការជាមួយនឹងបង ព្រោះបងទិញសៀវភៅជូនអូន ដើម្បីសុំអូនរៀបការ។ អូនយល់ព្រមរៀបការជាមួយនឹងបង ព្រោះបុរសដែលយកសៀវភៅដើម្បីសុំអូនរៀបការជាបុរសនៅក្នុងសុបិនរបស់អូនជាយូរមកហើយ។ អូនយល់ព្រមរៀបការជាមួយនឹងបង ព្រោះបងទិញសៀវភៅជូនអូន បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា បងជាមនុស្សដែលមានការទទួលខុសត្រូវ និងអាចក្លាយជាស្វាមីដ៏ល្អ និងជាឪពុកដ៏គំរូម្នាក់សម្រាប់កូនរបស់យើង ហើយអូនគិតថា បងអាចមើលថែអូនបានពេញមួយជីវិត។ ទោះក្នុងភ្នែករបស់អ្នកដទៃ គិតថាបងជាមនុស្សដែលមិនផ្អែមល្ហែម មិនរ៉ូមេទិក តែនៅក្នុងកែវភ្នែករបស់អូន តែងតែគិតថាបងជាមនុស្សបែបនេះជានិច្ច ហើយទំនាក់ទំនងរបស់យើងទាំងពីរនឹងកាន់តែល្អ ផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីពេលនេះបងមិនមែនជាអ្នកមាន ប៉ុន្តែបងជាមនុស្សដែលមានចិត្តស្មោះ ខិតខំព្យាយាម មានការតស៊ូនៅក្នុងជីវិត និងជាមនុស្សដែលយល់ចិត្តអូនជាងគេ ហើយបើនៅពេលនេះបងក្រ ប៉ុន្តែមិនប្រាកដថា យើងក្ររហូតឯណា ឱ្យតែបងប្រកាន់ខ្ជាប់នូវការប្រឹងប្រែងដូចសព្វថ្ងៃនេះ យើងនឹងក្លាយគ្រួសារដែលមានជីវភាពប្រសើរឡើងជាក់ជាមិនខាន ហើយអូនសូមសន្យាថា អូននឹងនៅក្បែរបង ផ្តល់កម្លាំងចិត្តឱ្យបង ដើម្បីដើរនៅលើវិថីនៃជីវិតនេះជាមួយគ្នាឆ្ពោះទៅរកសុភមង្គល និងភាពជោគជ័យនៅក្នុងជីវិតណា"។

បុរសនោះតប៖ "បងសូមអរគុណអូូនខ្លាំងណាស់ ដោយសារតែមូលហេតុទាំងអស់នេះហើយទើបធ្វើឱ្យបងសម្រេចចិត្តជ្រើសរើសយកអូនជាដៃគូជីវិតរបស់បង ចាប់ពីថ្ងៃនេះទៅ បងនឹងមើលថែអូននិងព្យាយាមធ្វើការឱ្យអស់ពីសមត្ថភាពដើម្បីជីវភាពគ្រួសារយើង។ បងមិនសន្យាទេ ប៉ុន្តែបងនឹងធ្វើឱ្យអូនឃើញ"។

បន្ទាប់ពីសន្ទនាចប់ គូស្នេហ៍ទាំងពីរក៏បានឱបគ្នាយ៉ាងកក់ក្តៅ ដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។

ជំនួសឱ្យការផ្តល់នូវចិញ្ចៀនដើម្បីសុំនរណាម្នាក់រៀបការ យើងអាចសាកល្បងប្ដូរមកជាសៀវភៅវិញក៏បាន។  ថ្វីបើសៀវភៅមិនថ្លៃដូចចញ្ចៀនពេជ្រ ប៉ុន្តែវាមានតម្លៃ និងអត្ថប្រយោជន៍ជាងចិញ្ចៀនពេជ្រទៅទៀត ។

និពន្ធដោយ៖ លក់ តុងអេង(ទឹកភ្លៀង) 







 


Comments