វិធីសាស្រ្តក្នុងការរឹតបន្តឹងចំណងអាពាហ៍ពិពាហ៍

អាពាហ៍ពិពាហ៍ គឺជាចំណងមួយដ៏ពិសិដ្ឋ ដែលសំដៅទៅលើទំនាក់ទំនងរវាងមនុស្សពីរនាក់ជាផ្លូវការនិងមានការទទួលស្គាល់ជាសាធារណៈ។ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ភាគីទាំងសងខាង ដែលគេស្គាល់ថាជាស្វាមីនិងភរិយារមែងត្រូវដឹកដៃគ្នាឆ្លងកាត់នូវរឿងរ៉ាវជាច្រើន មានទាំងសេចក្ដីសុខ សេចក្ដីទុក្ខ បញ្ហា និងព្យុះភ្លៀងជាច្រើន។ អាស្រ័យហេតុនេះ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានគង់វង្ស វាមិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ ព្រោះវាទាមទារឱ្យភាគីទាំងពីរប្រកាន់ខ្ជាប់នូវឥរិយាបថវិជ្ជមានចំពោះគ្នានិងគ្នាជាប់ជាប្រចាំ។ 

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអាចជួយរក្សាចំណងអាពាហ៍ពិពាហ៍របស់អ្នកឱ្យកាន់តែរឹងមាំបាន៖

១- មានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក៖ នេះគឺជាលក្ខណសម្បត្តិដ៏ចាំបាច់ដែលមិនអាចខ្វះបាន។ ក្នុងនោះ ទាំងស្វាមី ទាំងភរិយាត្រូវមានភក្តីភាពនឹងគ្នាទៅវិញទៅមក មិនត្រូវមានចិត្តលួចលាក់ឬក្បត់គ្នាដោយប្រការណាមួយនោះទេ ហើយបើមានបញ្ហាតូចធំណាមួយ ត្រូវប្រាប់និងពិភាក្សាជាមួយគ្នាកុំបីខាន

២- កុំបោះបង់គ្នាគ្រប់កាលៈទេស៖ មិនថាភាគីខាងណាមួយជួបប្រទះនូវរឿងរ៉ាវបរាជ័យជាច្រើនឬទទួលរងការបាក់ទឹកចិត្តរាប់មិនអស់យ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់គ្នាចោលនោះដែរ ពោលគឺត្រូវតែទទួលយកតថភាពនៃដៃគូរបស់ខ្លួន ហើយជួយជំរុញឱ្យពួកគេក្រោកឈរឡើងដើម្បីកសាងអនាគតជាថ្មី

៣- ស្នេហាបែបផ្អែមល្អែមតែសាមញ្ញ៖ ភាពផ្អែមល្ហែម គឺជាបង្អែមដ៏មានឱជារសនៃស្នេហាដែលនឹងជួយរឹតបន្តឹងចំណងអាពាហ៍ពិពាហ៍របស់អ្នកឱ្យកាន់តែរឹងមាំ។ ប៉ុន្តែ អ្នកគួរតែរក្សាស្នេហារបស់អ្នកឱ្យស្ថិតនៅក្នុងភាពសាមញ្ញ មិនឡូយឆាយ ឬមិនដើម្បីបង្អួតទៅកាន់អ្នកណា និងមានការយោគយល់អធ្យាស្រ័យឱ្យគ្នាខ្ពស់។

៤- កុំសម្រេចចិត្តធ្វើអ្វីមួយតាមអារម្មណ៍មួយពេល៖ ពេលខ្លះ ឥទ្ធិពលនៃអារម្មណ៍មួយឆាវអាចធ្វើឱ្យរឿងតូចកើតទៅជារឿងធំឬបង្កជាជម្លោះបាន។ ដូច្នេះ នៅក្នុងការប្រព្រឹត្តឬការនិយាយស្ដី ភាគីទាំងសងខាងគួរគិតពិចារណាឱ្យបានច្បាស់និងព្យាយាមរំលត់កំហឹងរបស់ខ្លួនជាមុនសិន សឹមចាប់ផ្ដើមធ្វើសកម្មភាពឬនិយាយស្ដីបន្ត។

ជាចុងក្រោយ ខ្ញុំចង់និយាយបញ្ជាក់ថា អាពាហ៍ពិពាហ៍មិនមែនគ្រាន់តែជារឿងរួមភេទបង្កើតកូននោះទេ តែជាការប្រើជីវិតរួមគ្នារវាងមនុស្សពីរនាក់ ចាប់ដៃគ្នាកសាងគ្រួសារអនាគតប្រកបដោយសុភមង្គល យោគយល់គ្នាអធ្យាស្រ័យគ្នាទៅវិញទៅមក និងកុំបោះបង់ចោលគ្នា។

អត្ថបទដោយ៖ កុយ រតនា

©គ្រឹះស្ថានហាតប៊ុក


Comments