ការភ្ញាក់ពីដំណេកលឿននៅពេលព្រឹកព្រលឹមអាចជារឿងមួយដែលលំបាកសម្រាប់មនុស្សមួយចំនួន ជាពិសេសចំពោះអ្នកដែលចូលចិត្តនៅគេងយឺតយូរមិនព្រមភ្ញាក់ចេញពីគ្រែ ដែលនេះត្រូវបានគេចាត់ទុកថាជាទម្លាប់អាក្រក់មួយដែលអ្នកគួរតែផ្លាស់ប្តូរ។ ប៉ុន្តែ ហេតុអ្វីបានជាមនុស្សមួយចំនួននៅតែមិនព្រមកែប្រែទម្លាប់នេះ? តើមានវិធីសាស្ត្រអ្វីខ្លះដើម្បីជួយពួកគេបាន? ជាទូទៅ ការភ្ញាក់ពីដំណេកលឿនត្រូវបានគេចាត់ទុកថាជាទម្លាប់ល្អមួយដែលផ្តល់ផលវិជ្ជមានជាច្រើនចំពោះអ្នក ដូចជាអ្នកអាចបំពេញការងារបានច្រើន (ចំណេញពេលវេលា) មានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ អាចធ្វើលំហាត់ប្រាណ កត់ត្រាផែនការណ៍ប្រចាំថ្ងៃ អានសៀវភៅ។ល។
ខាងក្រោមនេះជាវិធីសាស្ត្រចំនួនប្រាំយ៉ាងដើម្បីជួយអ្នកឱ្យក្រោកពីដំណេកបានលឿនជាងមុន៖
១- ស្វែងរកមូលហេតុណាមួយដែលបណ្តាលឱ្យអ្នកចង់ភ្ញាក់ពីដំណេកលឿន៖ ចូរសួរខ្លួនឯងអំពីគោលបំណងដែលអ្នកចង់ភ្ញាក់ពីដំណេកលឿន។ អ្នកខ្លះចង់ភ្ញាក់ពីគេងពេលព្រឹកព្រលឹម ព្រោះត្រូវទៅធ្វើការ ត្រូវទៅរៀន ត្រូវទៅផ្សារ ត្រូវធ្វើកិច្ចការផ្ទះ ត្រូវធ្វើលំហាត់ប្រាណជាដើម។ នៅពេលដែលអ្នកមានផែនការណ៍ច្បាស់លាស់ នោះអ្នកប្រាកដជាតាំងចិត្តធ្វើវាឱ្យទាល់តែបាន។ ការធ្វើអ្វីមួយតែងមានហេតុនិងផលរបស់វា។ តើមូលហេតុអ្វីដែលអ្នកមិនអាចក្រោកពីដំណេកបានលឿន? តើអ្នកចង់ធ្វើអ្វី ប្រសិនបើអ្នកអាចក្រោកពីដំណេកបានលឿន? ចូរសួរខ្លួនឯងនូវសំណួរទាំងនេះ ព្រោះបន្ទាប់ពីរកចម្លើយឃើញហើយ អ្នកប្រាកដដឹងនូវមូលហេតុដែលខ្លួនគួរតែក្រោកពីដំណេកលឿនជាក់ជាមិនខាន
២- កំណត់កាលវិភាគគេងឱ្យបានត្រឹមត្រូវ៖ ប្រសិនបើអ្នកកំពុងតែស្វែងរកវិធីសាស្ត្រភ្ញាក់ពីដំណេកលឿនថាត្រូវធ្វើបែបណានោះ អ្នកគួរចាប់ផ្តើមអនុវត្តការរៀបចំកាលវិភាគម៉ោងចូលគេងនិងភ្ញាក់ពីគេងឱ្យបានត្រឹមត្រូវ។ ការធ្វើបែបនេះគឺជាទម្លាប់ដ៏ល្អមួយចំពោះអ្នក ព្រោះវាអាចនឹងធ្វើឱ្យអ្នកចូលគេងនិងក្រោកពីគេងទៀងទាត់ជារៀងរាល់ថ្ងៃ។
៣- ការចូលគេងលឿន៖ រាល់ដងអ្នកប្រហែលជាមានទម្លាប់នៅយឺតយូរ មិនព្រមចូលគេងលឿនព្រោះអ្នកពន្យារពេលនៅមើលទូរសព្ទ ឬទូរទស្សន៍។ ប៉ុន្តែប្រសិនបើអ្នកនៅតែបន្តសកម្មភាពបែបនេះទៀត នៅកំលុងពេលដែលអ្នកមានគម្រោងចង់ភ្ញាក់ពីគេងលឿន អ្នកប្រាកដជាមិនអាចក្រោកពីគេងលឿននៅពេលព្រឹកបានឡើយ ព្រោះអ្នកគេងមិនបានគ្រប់គ្រាន់ ធ្វើឱ្យអស់កម្លាំងល្ហិតល្ហៃនៅពេលភ្ញាក់លឿន។
៤- ដាក់នាឡិការោទ៍ឱ្យឆ្ងាយពីខ្លួនរបស់អ្នក៖ ប្រសិនបើអ្នកដាក់ម៉ោងរោទ៍នៅក្បែរគ្រែគេងរបស់អ្នក នោះ នៅពេលដែលវារោទ៍ អ្នកនឹងងើបទៅចុចបិទវាភ្លាម ហើយបន្តគេងម្តងទៀត។ ប៉ុន្តែប្រសិនបើអ្នកដាក់នាឡិការោទ៍នៅឆ្ងាយពីគ្រែរបស់អ្នក នោះអ្នកនឹងក្រោកចេញពីគ្រែនៅពេលឮសំឡេងរោទ៍របស់វា។ ដោយសារអ្នកបានក្រោកដើរចេញពីគ្រែគេង ដូច្នេះអ្នកនឹងមានអារម្មណ៍ថាស្វាងខ្លះៗ លែងងងុយ និងលែងចង់គេងបន្តទៀតហើយ។
៥- ភ្ញាក់ហើយ ហាមគេងទៅវិញម្តងទៀត៖ នៅពេលអ្នកភ្ញាក់ដឹងខ្លួនពេលទៀបភ្លឺម្តងហើយ សូមកុំបន្តគេងទៅវិញម្តងទៀតអី។ ចូរព្យាយាមក្រោកចេញពីគ្រែ ហើយទៅលុបមុខ ដុសធ្មេញ និងងូតទឹកចេញ ដើម្បីឱ្យស្វាងងងុយ។ បើមិនដូច្នេះទេ អ្នកនឹងខកខានការងារអ្វីមួយជាក់ជាមិនខាន ព្រោះនៅពេលដែលអ្នកគេងទៅវិញម្តងទៀត អ្នកអាចនឹងភ្ញាក់ឡើងជ្រុលម៉ោងជាក់ជាមិនខាន។
អត្ថបទដោយ៖ គិន ម៉ីហ
រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក
Comments
Post a Comment