នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញនូវគំនិតច្នៃប្រតិដ្ឋដ៏ថ្មីសន្លាង របស់សហគ្រិនមួយចំនួនដែលបានយកសត្វចិញ្ចឹមដូចជាសត្វឆ្កែនិងឆ្មាដាក់ក្នុងហាងកាហ្វេរបស់ពួកគេសម្រាប់ឱ្យភ្ញៀវរាក់ទាក់និងលេងជាមួយនឹងពួកវា។ គំនិតនេះចាប់ផ្តើមដំបូងនៅឆ្នាំ១៩៩៨ នៅតៃវ៉ាន់។ មិនយូរប៉ុន្មាន ប្រទេសកម្ពុជាក៏បានចាប់យកគំនិតនេះហើយបានបើកហាងកាហ្វេសត្វលើកដំបូងគេ ដែលមានឈ្មោះថា Chhma Catfe Cat Catfe (ឆ្មាកាហ្វេ)។ បន្ទាប់ពីការបើកនេះមក គេក៏ប្រទះឃើញនូវកំណើននៃហាងកាហ្វេសត្វមួយចំនួនទៀត ដែលហាងកាហ្វេនីមួយៗមានសត្វ រចនាបថ និងបរិយាកាសខុសៗគ្នា។
ខាងក្រោមនេះ គឺជារាយនាមឈ្មោះហាងកាហ្វេសត្វ៤ដែលមានភាពល្បីល្បាញជាងគេនៅក្នុងប្រទេសកម្ពុជា៖
Chhma Catfé Cat Catfé (ភ្នំពេញ)
Chhma Catfé Cat Catfé គឺជាហាងកាហ្វេសត្វចិញ្ចឹមដំបូងគេបង្អស់ដែលបានបើកដំណើរការនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដែលត្រូវបានបំផុសគំនិតពីហាងកាហ្វេមួយនៅប្រទេសជប៉ុន ហើយក៏បានកែច្នៃវាឱ្យសមទៅនឹងចំណង់ចំណូលប្រជាជនខ្មែរយើងវិញ។ នៅក្នុងហាងមួយនេះ ពួកគេមានសត្វឆ្មាប្រហែល២៦ក្បាលដែលឆ្មានីមួយៗសុទ្ធតែមានចរិតលក្ខណៈខុសៗគ្នាដែលធ្វើឱ្យបរិយាកាសមានភាពសប្បាយរីករាយជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងហាងនោះក៏មានការផ្ដល់ជូននូវការប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ (Free Wifi) និងកន្លែងអង្គុយដ៏ស្រួលខ្លួនប្រកបដោយផាសុខភាព ដែលនេះគឺជាកន្លែងល្អបំផុតសម្រាប់អង្គុយលេង ជាពិសេសជាមួយមិត្តភក្តិនិងសត្វដែលអ្នកចូលចិត្តបំផុត។
- ទីតាំង ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ (ចំណាយរយៈពេលដើរតែពីរនាទីប៉ុណ្ណោះពីសារមន្ទីរជាតិ)
- តម្លៃ ២ដុល្លាក្នុងមួយកែវ
- ម៉ោងបើក ពីម៉ោង៩ព្រឹក ដល់ ម៉ោង៩យប់
Uni Cat Café (កំពត)
Uni Cat Café គឺជាហាងកាហ្វេដ៏ប្លែកមួយ ដែលពួកគេបានជួយសង្គ្រោះសត្វឆ្មាដែលរស់នៅតាមទីសាធារណៈនិងតាមទីវត្តអារាមយកមកចិញ្ចឹមបីបាច់ដោយមានការយកចិត្តទុកដាក់ជាខ្លាំង និងផ្តល់នូវក្តីស្រលាញ់ដ៏កក់ក្តៅមួយទៅឱ្យពួកគេ។ ដូចនេះ រាល់ការទិញភេសជ្ជៈឬម្ហូបអាហារនៅទីនោះ គឺស្មើនឹងអ្នកបានចូលរួមក្នុងការជួយសង្គ្រោះសត្វឆ្មាសាធារណៈដើម្បីឱ្យពួកគេមានកន្លែងស្នាក់នៅដ៏សមរម្យមួយបាន។ លើសពីនេះទៅទៀត ហាងកាហ្វេនេះក៏បម្រើនូវម្ហូបអាហារដែលមានឱជារសឈ្ងុយឆ្ងាញ់និងភេសជ្ជៈផងដែរ ដែលអ្នកមិនគួរខកខាននឹងឆៀងចូលទៅលេងក្នុងហាងមួយនេះឡើយ។
- ទីតាំង ស្ថិតនៅ AH 123 ក្រុងកំពត នៅរង្វង់មូលកំពតថ្មី
- តម្លៃ ១.៥ ដុល្លារក្នុងមួយកែវ
- ម៉ោងបើកដំណើរការ ចាប់ពីម៉ោង ១២ថ្ងៃ ទៅ ៥ល្ងាច
The Secret Dog Café (សៀមរាប)
The Secret Dog Café គឹជាហាងកាហ្វេសត្វឆ្កែតែមួយគត់ដែលស្ថិតនៅសៀមរាប ហើយត្រូវបានចាត់ទុកជាកន្លែងមួយដែលអ្នកទៅលេងខេត្តសៀមរាបត្រូវទៅដោយខកខានមិនបាន ព្រោះហាងកាហ្វេនេះគឺសម្បូរដោយសត្វឆ្កែជាច្រើនពូជ ដែលមានតាំងពី Corgi, Golden Retriever, Pomerania និងពូជឆ្កែផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ហាងកាហ្វេនេះមានរចនាបថដ៏ប្លែកពិសេសមួយ ដែលជាកន្លែងដ៏ល្អមួយសម្រាប់ថតរូបបង្ហោះនៅលើ Instagram និង Facebook។
- ទីតាំង ស្ថិតនៅផ្លូវ BBU ក្រុងសៀមរាប
- តម្លៃ ក្នុងមួយនាក់៣ដុល្លារ សម្រាប់១ម៉ោងកន្លះ (មិនមានភេសជ្ជៈ) និង ៤ដុល្លារ( មានភេសជ្ជៈមួយកែវ)
- ម៉ោងបើកដំណើរការ បិទនៅថ្ងៃចន្ទ, ថ្ងៃអង្គារ-សុក្រ ពីម៉ោង ១២:៣០ថ្ងៃត្រង់ ដល់ ៦:០០ល្ងាច, ថ្ងៃសៅរ៏-អាទិត្យ ពីម៉ោង ១០:៣០ព្រឹក ដល់ ៦:៣០ល្ងាច។
Zoo Café ( ភ្នំពេញ)
Zoo Café គឺជាហាងកាហ្វេនៅកម្ពុជាតែមួយគត់ដែលមានសត្វជាច្រើនប្រភេទរស់នៅជាមួយគ្នាតាំងពីសត្វព្រៃរហូតដល់សត្វចិញ្ចឹមក្រោមដំបូលតែមួយ។ Zoo Café មានទាំងសត្វដែលរស់នៅលើគោកនិងក្នុងទឹកផងដែរ។ លើសពីនេះទៅទៀត ហាងកាហ្វេមួយនេះផ្តល់នូវបរិយាកាសមួយដ៏ស្រស់ស្រាយប្រកបដោយកន្លែងអង្គុយដ៏ស្រួលខ្លួននិងរចនាបថដ៏ស្រស់ស្អាតដែលធ្វើឱ្យកន្លែងនេះល្អបំផុតសម្រាប់ការធ្វើការ ការសិក្សា និយាយលេងជាមួយនឹងមិត្តភក្តិនិងគ្រួសារ និងសម្រាប់ការអង្គុយលេងជាដើម។
- ទីតាំង ផ្លូវ432 និង135 សង្កាត់ទួលទំពូង ដែលគ្រាន់តែឆ្លងផ្លូវពីវិទ្យាល័យទួលទំពូងតែប៉ុណ្ណោះ
- តម្លៃ ២ ដុល្លារក្នុងមួយកែវ
- ម៉ោងដំណើរការ ចាប់ពីម៉ោង៧ព្រឹក ទៅ៩យប់
ហាងទាំងអស់នេះសុទ្ធតែជាប្រភេទហាងកាហ្វេដែលកំពុងតែមានភាពពេញនិយមនាពេលបច្ចុប្បន្ធ នេះ។ ហាងកាហ្វេសត្វនីមួយៗសុទ្ធសឹងតែមាននូវសត្វ បរិយាកាស និងបទពិសោធខុសៗគ្នា។ ដូច្នេះហើយ អ្នកគប្បីទៅហាងកាហ្វេសត្វទាំងអស់នេះនៅពេលអ្នកមានឱកាសដើម្បីទទួលបាននូវបទពិសោធថ្មីៗ។ ហាងកាហ្វេ បែបនេះគឺជាហាងកាហ្វេដែលមានគំនិតច្នៃប្រតិដ្ឋបំផុតដែលត្រូវបានបង្កើតឡើងនៅលើពិភពលោក។
រៀបរៀងដោយ៖ ប៉េង គីមតុង
Comments
Post a Comment