ផលប៉ះពាល់ដែលបណ្ដាលមកពីការរំលងរបបអាហារពេលព្រឹក


តើអ្នកតែងតែរំលងរបបអាហារពេលព្រឹក ដោយសារតែប្រញាប់ចេញទៅធ្វើការមែនដែរឬទេ? ឬមួយក៏មកពីអ្នកមានទម្លាប់ក្នុងការមិនបរិភោគអ្វីទាំងអស់នៅពេលព្រឹកដោយសារតែអ្នកគ្មានអារម្មណ៍ថាឃ្លាននោះ? ពិតប្រាកដណាស់ថា មនុស្សម្នាក់ៗតែងតែមានមូលហេតុផ្សេងៗពីគ្នានៃការមិនបរិភោគអាហារពេលព្រឹក។ ប៉ុន្តែ ប្រសិនបើអ្នកបានដឹងពីផលប៉ះពាល់ដែលអ្នកអាចនឹងត្រូវប្រឈមមុខដោយសារតែការរំលងអាហារពេលព្រឹក អ្នកអាចនឹងផ្លាស់ប្ដូរទម្លាប់របស់ខ្លួននាពេលកន្លងមកនេះជាក់ជាមិនខាន។

ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ

ម្ហូបអាហារបានផ្តល់ឱ្យយើងនូវថាមពលដើម្បីប្រើប្រាស់កម្លាំងនោះក្នុងការធ្វើសកម្មភាពផ្សេងៗ។ តើអ្នកអាចបន្តធ្វើសកម្មភាពតទៅទៀតបានដែរឬទេ ប្រសិនបើអ្នកមិនបានទទួលទានអាហារនោះ? ចម្លើយរបស់សំណួរមួយនេះច្បាស់ជា ”មិនអាចឡើយ”។ ប្រសិនបើអ្នកមិនផ្តល់អាហារូបត្ថម្ភដល់រាងកាយរបស់អ្នកតាមរយៈអាហារពេលព្រឹកទេនោះ រាងកាយរបស់អ្នកមិនអាចដំណើរការពេញមួយថ្ងៃបានយ៉ាងល្អនោះទេ។ ដូច្នេះហើយ ការបរិភោគអាហារពេលព្រឹកអាចជួយការពារអ្នកពីជំងឺក្រពះ និងជំងឺថ្លើមផងដែរដោយតាមរយៈការសិក្សាវិជ្ជាសាស្រ្តបានបង្ហាញពីការអះអាងដូចៗគ្នា។

បណ្តាលឱ្យជ្រុះសក់

អ្នកច្បាស់ជាមានការភ័យខ្លាចហើយត្រង់ចំណុចមួយនេះ ព្រោះថាអាហារពេលព្រឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយជំរុញទៅដល់ការលូតលាស់នៃកោសិកាសក់។ ម្ល៉ោះហើយ ប្រសិនបើអ្នកមិនបានបំពេញនូវប្រូតេអ៊ីននិងជីវជាតិដល់សក់ទេនោះ អ្នកច្បាស់ជាប្រឈមទៅនឹងការជ្រុះសក់ជាពុំខាន។

ធ្វើឱ្យឈឺក្បាល

ការមិនបរិភោគអាហារពេលព្រឹក អាចធ្វើឱ្យអ្នកឆាប់នឹងទទួលរងអាការៈឈឺក្បាលបាន ព្រោះការមិនទទួលទានអ្វីសោះចូលទៅក្នុងក្រពះនឹងធ្វើឱ្យបរិមាណស្ករក្នុងឈានៃរាងកាយរបស់អ្នកថយចុះ ដែលជាហេតុធ្វើឱ្យមានការកើនឡើងនៃសម្ពាធឈាម ហើយបណ្តាលឱ្យអ្នកចាប់ឈឺក្បាលភ្លាមៗតែម្តង។

អាចនាំឱ្យមានការប៉ះពាល់ដល់បញ្ញា

ការទទួលទានអាហារពេលព្រឹកបានទៀងទាត់អាចជួយបង្កើនសមត្ថភាពនៃការគិត (បញ្ញា) របស់យើងបាន។ យោងតាមរយៈការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តបានអះអាងយ៉ាងច្បាស់ដែរថា អ្នកដែលគ្រប់គ្រងរបបអាហារពេលព្រឹកបានល្អពិតជាទទួលបានគំនិតថ្មីៗជាច្រើនជាងអ្នកដែលគ្មានរបបអាហារពេលព្រឹក។

បង្កទៅជាហានិភ័យនៃជំងឺមហារីក 

ការមិនបរិភោគអាហារពេលព្រឹកឱ្យបានទៀងទាត់អាចធ្វើឱ្យបរិមាណកាឡូរីកើនឡើងខ្ពស់នៅក្នុងរាងកាយរបស់អ្នកបាន ។ ម្យ៉ាងវិញទៀត ការទទួលទានច្រើនពេក រហូតដល់លើសពីបរិមាណកាឡូរីដែលរាងកាយត្រូវការនោះអាចនាំឱ្យអ្នកឡើងទម្ងន់ឬក៏ធាត់បាន។ មិនតែប៉ុណ្ណោះ ភាពធាត់នោះក៏អាចធ្វើឱ្យអ្នកប្រឈមមុខទៅនឹងហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរផ្សេងៗទៀត ដូចជាជំងឺមហារីកជាដើម។ ដូច្នេះហើយ ប្រសិនបើអ្នកចង់រក្សាគម្លាតឱ្យចេញឆ្ងាយពីជំងឺមហារីកនោះ អ្នកគួរគប្បីចាប់ផ្តើមរៀបចំរបបអាហារពេលព្រឹករបស់ឱ្យបានល្អនិងទៀងទាត់ នោះអ្នកច្បាស់ជាទទួលបាននូវសុខភាពល្អនិងវៀរចាកឆ្ងាយពីរោគានានាជាក់ជាពុំខាន។

ប្រភព៖ គេហទំព័រ Parenting Firstcry

ប្រែសម្រួលដោយ៖ អ៊ង គឺមងៀន




Comments