តើវ៉ាក់សាំងការពារជំងឺកូវីដ១៩ដំណើរការយ៉ាងដូចម្ដេចខ្លះ


នៅពេលដែលនិយាយទាក់ទងទៅនឹងវ៉ាក់សាំង យើងប្រាកដជាបានដឹងទាំងអស់គ្នាហើយថា វាគឺជាសារធាតុបែបវេជ្ជសាស្រ្តមួយប្រភេទដែលតួនាទីបង្ការឬការពារមនុស្សយើងពីការឆ្លងជំងឺផ្សេងៗ។ តួយ៉ាង នៅពេលបច្ចុប្បន្ននេះ បណ្ដាប្រទេសនិងក្រុមហ៊ុនឱសថធំៗជាច្រើននៅជុំវិញពិភពលោកកំពុងខ្នះខ្នែងក្នុងការផលិតវ៉ាក់សាំងដើម្បីការពារពីជំងឺកូវីដ១៩ (COVID-19) ហើយប្រជាជនអាទិភាពជាច្រើនក៏បាននិងកំពុងតែទទួលវ៉ាក់សាំងនេះជាបណ្ដើរៗផងដែរ។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនក៏នៅតែមន្ទិលសង្ស័យថា តើវ៉ាក់សាំងកូវីដ១៩ដំណើរការដោយរបៀបណា ទើបអាចជួយសង្គ្រោះមនុស្សយើងពីជំងឺដ៏កាចសាហាវមួយនេះបាន?

វ៉ាក់សាំងកូវីដ១៩ (COVID-19) ជួយបង្កើតនិងអភិវឌ្ឍភាពស៊ាំដល់រាងកាយរបស់យើងឱ្យប្រឆាំងនឹងវីរុសដែលបង្កឱ្យកើតមាននូវជំងឺមួយនេះ។ វ៉ាក់សាំងប្រភេទផ្សេងៗគ្នាមានដំណើរការប្រព្រឹត្តទៅខុសៗគ្នាក្នុងការការពារជីវិតមនុស្សរបស់យើង។ ប៉ុន្តែ គ្រប់ប្រភេទវ៉ាក់សាំងនីមួយៗមានតួនាទីរួមមួយដូចគ្នា គឺផ្ដល់ទៅឱ្យរាងកាយរបស់មនុស្សយើងនូវការចងចាំរបស់ឡាំផូសុីតT និងឡាំផូស៊ីតB ដែលជាប្រព័ន្ធស៊ាំក្នុងរាងកាយរបស់មនុស្សឱ្យស្គាល់ពីជំងឺនេះ ហើយអាចយកឈ្នះជំងឺវាបាននៅថ្ងៃខាងមុខ។ 

ជាធម្មតា វ៉ាក់សាំងត្រូវការពេល២ទៅ៣សប្តាហ៍ សម្រាប់រាងកាយក្នុងការផលិតប្រព័ន្ធស៊ាំឡាំផូស៊ីតT និងឡាំផូស៊ីតB។ ដូច្នេះ យើងអាចនឹងឆ្លងជំងឺ COVID-19 មុនពេលដែលចាក់ឬទើបតែចាក់វ៉ាក់សាំងការពារបានថ្មីៗ ព្រោះវ៉ាក់សាំងត្រូវការពេលវេលាគ្រប់គ្រាន់ ដើម្បីផលិតប្រព័ន្ធការពារក្នុងរាងកាយ។ ពេលខ្លះ បន្ទាប់ពីបានចាក់វ៉ាក់សាំងរួច ដំណើរការនៃការបង្កើតភាពស៊ាំអាចបណ្ដាលឱ្យអ្នកមានរោគសញ្ញាដូចជាគ្រុនក្តៅជាដើម។ រោគសញ្ញានេះ គឺជារោគសញ្ញាធម្មតាដែលអាចបញ្ជាក់បានថារាងកាយរបស់អ្នកកំពុងតែបង្កើតនូវភាពស៊ាំនឹងជំងឺហើយ។

ប្រភព៖ គេហទំព័រ CDC 

ប្រែសម្រួលដោយ៖ គួច គីមហ្គេច

Comments