គន្លឹះ៤យ៉ាងដែលជួយឱ្យអ្នកទទួលបានពិន្ទុខ្ពស់នៅក្នុងពេលប្រឡង

ការប្រឡង គឺជាសកម្មភាពមួយដែលត្រូវបានគេធ្វើឡើងនៅក្នុងសាលាស្ទើរតែទាំងអស់នៅលើពិភពលោក។ ក្នុងនោះ គោលបំណងនៃការប្រឡងគឺដើម្បីធ្វើតេស្តសមត្ថភាពទៅលើសិស្សទាំងអស់ដើម្បីកម្រិតទៅលើភាពយល់ដឹងនិងការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សនីមួយៗតាមរយៈពិន្ទុដែលពួកគេទទួលបាន។ ជាទូទៅ ការប្រឡង រមែងជាកង្វល់នៅក្នុងចិត្តរបស់សិស្សជាច្រើន ជាពិសេសសិស្សដែលប្រាថ្នាចង់បានពិន្ទុខ្ពស់នៅក្នុងការប្រឡងរបស់ខ្លួន។ 

គន្លឹះទាំងបួនខាងក្រោមនេះគឺជាសកម្មភាពខ្លះៗដែលអ្នកអាចយកទៅអនុវត្តដើម្បីធ្វើឱ្យការប្រឡងរបស់អ្នកកាន់តែមានភាពល្អប្រសើរ ព្រមទាំងអាចទទួលបានពិន្ទុខ្ពស់នៅក្នុងការប្រឡងផងដែរ។

១- យកចិត្តទុកដាក់នៅពេលរៀន៖ ការយកចិត្តទុកដាក់នៅពេលរៀនឬស្ដាប់គ្រូពន្យល់គឺជារឿងដែលសំខាន់ដែលអ្នកអាចធ្វើដើម្បីទទួលបាននូវពិន្ទុខ្ពស់ ព្រោះការផ្តោតអារម្មណ៍នៅពេលរៀនអាចធ្វើឱ្យអ្នកចាប់បានចំណុចសំខាន់ៗក្នុងមេរៀនដែលអាចនឹងចេញនៅពេលប្រឡងផងដែរ។ ម្យ៉ាងវិញទៀត ការស្ដាប់គ្រូពន្យល់អាចធ្វើឱ្យអ្នកមានការយល់ដឹងទៅលើមេរៀនកាន់តែច្រើនហើយអាចធ្វើឱ្យអ្នកចងចាំមេរៀននោះបានកាន់តែយូរថែមទៀត។

២- ការកត់ត្រាមេរៀន៖ ប្រសិនបើអ្នកចង់ឱ្យការសិក្សាមានភាពងាយស្រួល នេះគឺជាវិធីដ៏ល្អបំផុត ព្រមទាំងងាយស្រួលផងដែរ។ ការកត់ត្រាមេរៀននិងចំណុចសំខាន់ៗចូលទៅក្នុងសៀវភៅជារឿងដែលអ្នកគួរធ្វើដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទន្ទេញមេរៀនឬការរៀនសាឡើងវិញម្ដងទៀតនៅមុនពេលប្រលង។

៣- ការធ្វើកិច្ចការផ្ទះ៖ ការធ្វើកិច្ចការផ្ទះក៏ជារឿងដ៏សំខាន់មួយក្នុងការទទួលបានពិន្ទុខ្ពស់នៅពេលប្រឡងផងដែរព្រោះការធ្វើកិច្ចការផ្ទះ ក៏ដូចជាការសរសេរ ការអាន ឬការគិតឡើងវិញនូវចំណុចសំខាន់ៗនៅក្នុងមេរៀនអាចធ្វើឱ្យអ្នកមានការចងចាំមេរៀនដែលបានរៀនរួចនោះកាន់តែច្បាស់ថែមទៀត។

៤- ប្រឡងសាកល្បង៖ អ្នកអាចសុំក្រដាសប្រឡងសាកល្បងពីគ្រូរបស់អ្នក រួចរៀនធ្វើតេស្ដសាកល្បងនោះដើម្បីឱ្យអ្នកបានដឹងអំពីទម្រង់នៃការប្រឡងឬឈ្វេងយល់នូវចំណុចខ្សោយរបស់ខ្លួន នោះយើងនឹងមានឱកាសពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។ ការធ្វើតេស្តសាកល្បងបែបនេះអាចធ្វើឱ្យអ្នកដឹងអំពីរបៀបរបបនៃការប្រឡងពិតប្រាកដ ដឹងអំពីកម្រិតលំហាត់ឬសំណួរអំពីការប្រឡង ព្រមទាំងអាចធ្វើឱ្យអ្នកស្គាល់ពីសមត្ថភាពរបស់ខ្លួនឯងកាន់តែច្បាស់ ជាពិសេសអាចធ្វើឱ្យអ្នកចាប់ផ្ដើមពង្រឹងសមត្ថភាពខ្លួនឯងជាងមុនហើយក៏ជាមូលហេតុចម្បងដែលអាចធ្វើឱ្យអ្នកទទួលបានពិន្ទុខ្ពស់នៅពេលប្រឡងផងដែរ។

រៀងរៀងដោយ៖ ជឿក គីមឡាង

រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក


Comments