ជំងឺផ្លូវចិត្តទាំង៤ដែលយុវជនចួបប្រទះជាទូទៅ

បញ្ហាផ្លូវចិត្តបានកើតឡើងមិនចំពោះតែមនុស្សវ័យជំទង់ឡើយ សូម្បីតែយុវជនក៏អាចចួបប្រទះនូវបញ្ហានេះក្នុងជីវិតដែរ។ ក្នុងនោះ យុវជនជាច្រើនមិនបានវិនិច្ឆ័យពីស្ថានភាពបញ្ហាឱ្យបានល្អិតល្អន់និងស្វែងរកវិធីព្យាបាលនោះទេ បើទោះបីជាស្ថានភាពភាគច្រើនអាចព្យាបាលឱ្យប្រសើរវិញបានក៏ដោយ។ ជាការកត់សម្គាល់ អ្នកណាៗក៏អាចប្រឈមនឹងជំងឺផ្លូវចិត្តបានដែរ។ 

ខាងក្រោមជាជំងឺផ្លូវចិត្តទាំង៤ដែលយុវជនចួបប្រទះជាទូទៅនៅក្នុងជីវិតរបស់ពួកគេ ប៉ុន្តែមិនថាអ្នកឬមនុស្សដែលអ្នកស្គាល់ស្ថិតនៅក្នុងដំណាក់កាលណានៃជំងឺនេះនោះទេ ការស្វែងរកការពិគ្រោះ និងសេវាព្យាបាលពិតជាមានសារៈសំខាន់ដើម្បីស្រោចស្រង់ស្ថានភាពឱ្យល្អប្រសើរទាន់ពេលវេលា។

១- ជំងឺធ្លាក់ទឹកចិត្ត៖ មនុស្សស្រីទំនងជាចួបប្រទះនូវជំងឺធ្លាក់ទឹកចិត្តច្រើនជាងបុរស ហើយរោគសញ្ញាទាំងនោះអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ជីវិតរស់នៅក្នុងសង្គមនិងការសិក្សារបស់ពួកគេផងដែរ។ ប៉ុន្តែ ជាទូទៅជំងឺនេះអាចព្យាបាលបាន ហើយចួនកាល គួបផ្សំជាមួយនឹងការធ្វើសមាធិក៏កាន់តែជួយឱ្យមានស្រាកស្រាន្តផងដែរ។ ប្រសិនបើមិនស្វែងរកវិធីព្យាបាលទេ ជំងឺនឹងកាន់តែវិវត្តទៅរកស្ថានភាពដ៏អាក្រក់បំផុត។

២- ជំងឺថប់អារម្មណ៍៖ ក្នុងករណីមានជំងឺនេះធ្ងន់ធ្ងរ វាប្រៀបដូចជារនាំងឬព្រំដែនមួយដែលឃាត់មិនពួកគេអាចធ្វើដំណើរឬចូលរួមក្នុងសង្គមបានឡើយ។ ជំងឺនេះមានច្រើនទម្រង់ ដូចជាទម្រង់ទូទៅ (Generalized anxiety) ដែលអាចបណ្តាលឱ្យយុវជនមានការភ័យខ្លាចគ្រប់ទិដ្ឋភាពក្នុងជីវិត។ ចំណែកភាពមិនប្រក្រតីផ្នែកសង្គម (Social anxiety order) វិញអាចបង្កឱ្យពួកគេមិនអាចបង្ហាញឬបញ្ចេញមតិយោបល់របស់ខ្លួនទៅកាន់មនុស្សម្នាជុំវិញខ្លួនឡើយ។

៣- ជំងឺផ្តោតអារម្មណ៍និងអស្ថិរភាពផ្លូវចិត្ត (Attention Deficit Hyperactivity Disorder)៖ រោគសញ្ញានៃជំងឺអាចកើតឡើងនៅពេលអ្នកមានអាយុ៤ឆ្នាំ ប៉ុន្តែវាអាចបង្កជាបញ្ហានៅពេលដែលដល់ដំណាក់កាលយុវជន។ ជំងឺនេះត្រូវបានចែកចេញជា៣ប្រភេទដូចជា៖ ប្រភេទផ្តោតអារម្មណ៍សកម្មខ្លាំង (Hyperactive) ប្រភេទមិនសូវផ្ដោតអារម្មណ៍ (Inattentive) និងប្រភេទមិនផ្តោតអារម្មណ៍ដោយការគិតឬធ្វេសប្រហែស (Impulsive)។ ចំពោះយុវជនដែលប្រទះនឹងជំងឺប្រភេទផ្តោតអារម្មណ៍ខ្លាំង ពួកគេនឹងមិនអាចទ្រាំអង្គុយទំនេរស្ងៀមនោះទេ ពោលគឺពួកគេនឹងនិយាយរហូត ហើយថែមទាំងចួបផលលំបាកក្នុងការបំពេញកិច្ចការទៀតផង។ ចំណែកឯយុវជនដែលស្ថិតក្នុងប្រភេទមិនសូវផ្តោតអារម្មណ៍មានផលលំបាកក្នុងសម្រេចកិច្ចការដោយមិនអាចផ្ចិតផ្ចង់អារម្មណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ។

៤- ជំងឺទទួលទានមិនប្រក្រតី (Eating disorder)៖ អាការនៃជំងឺនេះមានដូចជា ការមិនស្រេកឃ្លានអាហារ (anorexia) ការទទួលទានអាហារច្រើន (bulimia) និងការទទួលទានច្រើនហួសហេតុ (binge)។ ចំពោះជំងឺប្រភេទទី១អាចធ្វើឱ្យពួកគេបាត់បង់ទម្ងន់ឬអាចដោយសារការតមអាហារខ្លាំងពេក។ រីឯករណីទី២ ពាក់ព័ន្ធនឹងការទទួលទានអាហារច្រើនពេកនិងបញ្ចេញមកខាងក្រៅវិញ អាចតាមរយៈការក្អួតជាដើម។ ចំណែកករណីទី៣ គឺជាការបាត់បង់ការគ្រប់គ្រងទៅលើរបបទទួលទានទាំងស្រុងដែលធ្វើឱ្យពួកគេទទួលទានអាហារបរិមាណច្រើនក្នុងពេលតែមួយ និងមិនបញ្ចេញចោលនោះទេ។ គួរកត់សម្គាល់ដែរថា ជំងឺនេះអាចបង្កឱ្យគ្រោះថ្នាក់ដល់អាយុជីវិតបាន។

ប្រភព៖ Very Well Family

ប្រែសម្រួលដោយ៖ ឆេង ភត្រា


Comments