ការយកចិត្តទុកដាក់ក្នុងការសិក្សា មិនមែនជាការងាយស្រួលប៉ុន្មាននោះទេ ដោយយើងតែងតែទទួលរងនូវការរំខានជាច្រើន ដែលអាចបណ្តាលឱ្យយើងបង្វែរអារម្មណ៍ចេញពីការសិក្សាទៅវិញដូចជា ការលោតសារទូរស័ព្ទ ការចូលមើលបណ្តាញសង្គមហ្វេសប៊ុកពេលកំពុងរៀន ការពន្យារពេលសិក្សា និងការបរិភោគនំចំណីជាដើម។ ដូច្នេះ ដើម្បីឱ្យការសិក្សារបស់អ្នកមានភាពរលូននិងមានប្រសិទ្ធភាពនោះអ្នកគប្បី៖
១- ការបង្កើតកាលវិភាគសម្រាប់សិក្សាឱ្យបានជាក់លាក់
បើអ្នករៀនតែនៅពេលដែលមានអារម្មណ៍រៀន នោះវានឹងបណ្តាលឱ្យការសិក្សារបស់អ្នកមិនមានភាពជោគជ័យនោះទេ។ ដូច្នេះ ការបង្កើតតារាងពេលវេលាមួយជាក់លាក់និងគោរពតាមវាឱ្យបានទៀងទាត់នឹងជួយបង្ហាញឱ្យឃើញកាន់តែច្បាស់ពីពេលដែលយើងត្រូវរៀន ពេលដែលយើងសម្រាក និងមានផែនការត្រឹមត្រូវក្នុងការសិក្សា។ លើសពីនេះទៅទៀត វានឹងជួយឱ្យយើងមានការគ្របគ្រងទៅលើពេលវេលាយើងបានច្បាស់លាស់ក្នុងការធ្វើឬរៀនអ្វីមួយ។
![]() |
រូបតំណាង (ប្រភព៖ RTP) |
២- ការបង្កើតបញ្ជីកិច្ចការជាក់លាក់មួយ
បើអ្នកមិនអាចគោរពទៅតាមកាលវិភាគមួយបានដោយសារតែពេលវេលាមិនទៀងទាត់ទៅតាមថ្ងៃនីមួយៗ អ្នកអាចបង្កើតជាបញ្ជីប្រចាំថ្ងៃមួយដែលមានកិច្ចការឬលំហាត់ដែលអ្នកត្រូវអនុវត្តក្នុងថ្ងៃនីមួយៗទើបអ្នកអាចសម្រាកឬធ្វើអ្វីផ្សេងបាន។ ការធ្វើបែបនេះនឹងជួយចង្អុលគោលដៅឱ្យយើងបានច្បាស់លាស់ជាប្រចាំនិងមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលយើងបានសិក្សារួចមក។
៣- ត្រៀមខ្លួនមុនពេលរៀន
មុនពេលដែលអ្នកចាប់ផ្តើមរៀន អ្នកគប្បីត្រៀមខ្លួនជាមុនដើម្បីចៀសវាងពីការចាកចេញពីកន្លែងរៀន ព្រោះវានឹងធ្វើឱ្យអ្នកមានភាពពិបាកក្នុងការបង្វែរអារម្មណ៍អ្នកមកកាន់ការសិក្សាវិញ។ ដូច្នេះ អ្នកគប្បីចូលបន្ទប់ទឹកឱ្យហើយដើម្បីលុបមុខ បរិភោគនំចំណីបន្តិចបន្តួចជាមុន ដេកឱ្យបានគ្រប់គ្រាន់ និងត្រូវត្រៀមសម្ភារ:សិក្សារបស់អ្នកឱ្យហើយនៅជុំវិញអ្នកជានិច្ច។ លើសពីនេះទៅទៀត បើអ្នកជាមនុស្សមួយចូលចិត្តស្តាប់បទចម្រៀនក្នុងការសិក្សា អ្នកគប្បីដាក់បទដែលអ្នកចង់ស្តាប់ទាំងអស់ឱ្យលេងបន្តបន្ទាប់គ្នាដោយខ្លួនឯងឱ្យហើយ នោះអ្នកនឹងមិនចាំបាច់ប្រើប្រាស់ទូរសព្ទដើម្បីប្ដូរបទចម្រៀងទៀតនោះទេ។
៤- មិនប្រើទូរសព្ទឬកំុព្យូទ័រនៅក្នុងពេលសិក្សា
នៅពេលដែលអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិកទាំងអស់នេះក្នុងកំលុងពេលដែលអ្នកកំពុងសិក្សា វាជាឱកាសមួយដែលនឹងបង្វែរអារម្មណ៍របស់អ្នកពីការសិក្សាទៅការប្រើប្រាស់ទូរស័ព្ទដោយមិនដឹងខ្លួនវិញ។ ហេតុនេះហើយ ទើបអ្នកគប្បីដាក់គ្រឿងទាំងនោះឱ្យឆ្ងាយពីអ្នកឬទីកន្លែងដែលអ្នកមិនអាចមើលឃើញ។ បើអ្នកត្រូវការប្រើទូរស័ព្ទក្នុងការសិក្សា អ្នកគប្បីប្រើនៅពេលចាំបាច់តែប៉ុណ្ណោះឬអ្នកអាចបិទការផ្ញើសារជូនដំណឹង (Notifications) សិនក៏ជារឿងល្អមួយដែរ។
![]() |
រូបតំណាង (ប្រភព៖ How to Geek) |
៥- អ្នកត្រូវចេះនិយាយ "ទេ" នៅពេលមិត្តភក្តិបបួលយើងធ្វើអ្វីមួយ
នៅពេលដែលអ្នកដល់ជិតម៉ោងរៀនឬកំពុងតែរៀន ហើយបើមាននរណាម្នាក់បបួលអ្នកឱ្យធ្វើអ្វីផ្សេងដែលមិនចាំបាច់ឬមិនទាក់ទងនឹងការសិក្សា អ្នកត្រូវបដិសេធនឹងការបបួលនោះជាដាច់ខាត ព្រោះវានឹងធ្វើឱ្យអ្នកបាត់បង់ពេលវេលាដ៏មានតម្លៃដែលអ្នកបម្រុងទុកសម្រាប់ការសិក្សាចោលដោយទទេរៗ។ ការធ្វើបែបនេះ មិនមែនមានន័យថា យើងបោះបង់ពេលវេលាសម្រាកឬកម្សាន្តចោលទាំងអស់នោះទេ គ្រាន់តែយើងត្រូវចេះគិតគូរពិចារណាថា ពេលណាជាពេលរៀន និងពេលណាជាពេលលេងតែប៉ុណ្ណោះ។
អត្ថបទដោយ៖ ប៉េង គីមតុង
រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក
សៀវភៅ ៦៦គន្លឹះក្នុងការគ្រប់គ្រងពេលវេលា
Comments
Post a Comment