មូលហេតុដែលបណ្ដាលឱ្យអ្នកមិនងាយស្រកទម្ងន់

ការសម្រកទម្ងន់ គឺជាបំណងប្រាថ្នារបស់មនុស្សជាច្រើន ប៉ុន្តែវាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ក្នុងការធ្វើឱ្យបំណងប្រាថ្នាមួយនេះក្លាយទៅជាការពិត។ ក្នុងនោះ មនុស្សជាច្រើនបានប្រើប្រាស់វិធីសាស្រ្តសម្រកទម្ងន់ខុសឬមិនបានយល់ដឹងពីមូលហេតុដែលបណ្ដាលឱ្យខ្លួនឡើងទម្ងន់នោះ។

ខាងក្រោមនេះ យើងនឹងទៅឈ្វេងយល់ពីមូលហេតុចម្បងទាំង៦យ៉ាងដែលអាចបណ្ដាលឱ្យយើងឡើងទម្ងន់ មិនងាយស្រកបាន៖

១- ការគេងមិនគ្រប់គ្រាន់ឬគេងច្រើនហួសកម្រិត៖ ការគេងច្រើនលើសពី៩ម៉ោងឬគេងតិចជាង៥ម៉ោងក្នុងមួយយប់អាចបណ្ដាលឱ្យអ្នកឡើងគីឡូបាន ព្រោះទាំងពីរករណីនេះបានធ្វើឱ្យប៉ះពាល់ទៅដល់របៀបនៃការបង្កើតអរម៉ូនគ្រប់គ្រងចំណង់អាហារនៅក្នុងរាងកាយរបស់អ្នក

២- ការផឹកទឹកមិនគ្រប់គ្រាន់៖ ការផឹកទឹកចន្លោះពី២ទៅ៦កែវនៃទឹកស្អាតក្នុងមួយថ្ងៃអាចជួយឱ្យអ្នកស្រកទម្ងន់បាន។ ទឹកមិនមានកាឡូរីទាល់តែសោះ ដូច្នេះវាបំពេញការស្រេកឃ្លានរបស់អ្នកដោយមិនបន្ថែមទម្ងន់ឱ្យអ្នកឡើយ។ ម៉្យាងវិញទៀតនៅពេលដែលអ្នកផឹកទឹកឱ្យបានគ្រប់គ្រាន់ វាប្រហែលជាអាចធ្វើឱ្យអ្នកមិនសូវផឹកទឹកសូដា ទឹកផ្លែឈើ ឬភេសជ្ជៈកាហ្វេដែលផ្ទុកទៅដោយជាតិស្ករនោះទេ។ ជាទូទៅ កាឡូរីខ្ពស់នៅក្នុងភេសជ្ជៈផ្អែមទាំងនោះអាចបន្ថែមដល់ការឡើងទម្ងន់បានយ៉ាងឆាប់រហ័ស។

៣- ពន្យាពេលនៃការញ៉ាំ៖ នៅពេលដែលអ្នកពន្យាពេលញ៉ាំអាហាររបស់អ្នកយូរពេក ការរំលាយអាហាររបស់អ្នកថយចុះហើយមិនអាចដុតបំផ្លាញកាឡូរីទាំងអស់ដែលអ្នកបានញ៉ាំនៅក្នុងអាហាររបស់អ្នកបានល្អឡើយ។ កាឡូរីបន្ថែមទាំងនោះនឹងធ្វើឱ្យអ្នកឡើងទម្ងន់ ហើយអ្នកអាចនឹងញ៉ាំហួសប្រមាណព្រោះតែឃ្លានពេក។ ជាដំណោះស្រាយ អ្នកគួរតែសាកល្បងញ៉ាំតិច ហើយញ៉ាំឱ្យបានញឹកញាប់វិញម្ដង។

៤- ការញ៉ាំអាហារខាងក្រៅញឹកញាប់៖ មនុស្សមួយចំនួនមិនចូលចិត្តចម្អិនអាហារនោះទេ ប៉ុន្តែពួកគេប្រហែលជាមិនបានដឹងឡើយថា ការញ៉ាំអាហារខាងក្រៅនៅតាមហាងឬភោជនីយដ្ឋាននានាអាចធ្វើឱ្យអ្នកពិបាកក្នុងការគ្រប់គ្រងទម្ងន់ណាស់។ សូម្បីតែម្ហូបដែលគេកំណត់ថាមានកាឡូរីតិចក៏អាចនឹងមានកាឡូរីច្រើនជាងអ្វីដែលអ្នកបានដឹងផងក៏ថាបាន។

៥- ការអង្គុយពេញមួយថ្ងៃ៖ ចំពោះអ្នកដែលអង្គុយធ្វើការឬអង្គុយមើលទូរទស្សន៍ច្រើន វាពិតជាពិបាកក្នុងការសម្រកគីឡូណាស់។ នៅពេលអ្នកអង្គុយច្រើន ដងខ្លួនរបស់អ្នកបាត់បង់សមត្ថភាពក្នុងការកំណត់ទៅលើភាពឆ្អែតឬការទទួលទានលើសកំណត់។ ដូច្នេះ ចូរក្រោកឈរឡើងរៀងរាល់១០នាទីម្ដង ហើយដើរជុំវិញដើម្បីកាត់បន្ថយការអង្គុយច្រើនពេក។

៦- ការផឹកគ្រឿងស្រវឹង៖ មិនថាអ្នកចូលចិត្តស្រាស្រាបៀរ ឬភេសជ្ជៈចម្រុះទេ វាសុទ្ធសឹងតែបន្ថែមបរិមាណកាឡូរីទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ដូច្នេះ ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងពិតជាអាចជួយអ្នកមិនឱ្យឡើងទម្ងន់បាន។

រៀបរៀងដោយ៖ ឡាយ សៀកលីម



Comments