ខុសទេ បើគ្រាន់តែស្រឡាញ់ភេទដូចគ្នា?


អារម្មណ៍ស្រឡាញ់ គឺពិតជាធំធេងពេកហើយ។ យើងម្នាក់ៗមិនអាចបញ្ជាឬហាមឃាត់អារម្មណ៍មួយនេះបានទេ។ ពេលខ្លះអារម្មណ៍នោះធ្វើឱ្យអ្នកច្របូកច្របល់ឬគិតអ្វីមិនចេញ ចំណែកឯពេលខ្លះទៀត មនុស្សមួយចំនួនបែរជាមិនហ៊ានទទួលស្គាល់ការពិតអំពីស្នេហា ពីព្រោះពួកគេស្រលាញ់ភេទដូចគ្នា។

តើការស្រលាញ់ភេទដូចគ្នាគឺជារឿងខុសឆ្គងឬអត់?

ចម្លើយ៖ តើអ្វីដែលធ្វើឱ្យអ្នកគិតថាវាខុស? ដោយសារអ្នកខ្លាចគេមើលងាយ សើចចម្អក គ្រួសារឬសង្គមមិនទទួលស្គាល់? អ្វីៗគ្រប់យ៉ាងគឹស្ថិតលើចិត្តរបស់អ្នកនោះទេ ព្រោះផ្លូវដើរនៃជីវិតគឺជារបស់អ្នក មិនមែនអ្នកផ្សេងមកដើរជំនួសឯណា។
ចំពោះមនុស្សមួយចំនួនដែលនៅតែមានគំនិតអវិជ្ជមាននិងបន្តការរើសអើងរឿង ហេតុអ្វីក៏អ្នកអាត្មានិយមម៉្លេះ? អ្នកគួរតែរៀនបើកចិត្តឱ្យទូលាយ ព្រមទាំងសិក្សាឈ្វេងយល់អំពីមជ្ឈដ្ឋានជុំវិញខ្លួនផងជាជាងប្រកាន់តែគំនិតទុទិដ្ឋិនិយមទាំងនេះ។ប្រទេសជាច្រើននៅជុំវិញពិភពលោកបានទទួលស្គាល់ថា អ្នកស្រឡាញ់ភេទដូចគ្នាគ្មានអ្វីគួរឱ្យចម្លែក អាក្រក់ មិនល្អ និងគួរឱ្យខ្មាសអៀននោះឡើយ។ ផ្ទុយទៅវិញ ពួកគេក៏បានចាត់ទុកថា វាជារឿងធម្មតារបស់មនុស្សស្រាប់ទៅហើយ ដោយប្រុសស្រឡាញ់ប្រុស ស្រីស្រឡាញ់ស្រី គឺប្រៀបដូចគ្នាទៅនឹងប្រុសស្រីស្រឡាញ់គ្នាអ៊ីចឹង។ អ្នកត្រូវចាំថា សម្លមួយចានមិនអាចតម្រូវឱ្យត្រូវតាមចំណង់ចំណូលចិត្តរបស់មនុស្សទាំង១០នាក់បានទេ។
LGBTQ+ = Lesbian, gay, bisexual, transgender, queer និង intersex (LGBTQI)
---
អត្ថបទដោយ៖ ហូយ សុវណ្ណភាសា
រក្សាសិទ្ធិ៖ គ្រឹះស្ថានហាតប៊ុក

Comments