តើវីរុសកូវីដ-១៩ពិតជាខ្លាចអាកាសធាតុក្តៅមែនឬ?

មនុស្សជាច្រើននាក់នៅតែមានសង្ឃឹមថា អាកាសធាតុក្តៅអាចសម្លាប់មេរោគកូរ៉ូណាបំប្លែងថ្មី ដែលមានឈ្មោះជាផ្លូវការថា កូវីដ១៩ (COVID-19) បាន ទាំងដែលការពិត គ្មានការសិក្សាស្រាវជ្រាវជាលក្ខណៈវិឡាសាស្រ្ដណាមួយដែលបានបង្ហាញឱ្យជាក់ស្តែងថា កម្ដៅថ្ងៃឬអាកាសធាតុដែលក្តៅខ្លាំងអាចសម្លាប់ឬអាចធ្វើឱ្យឥទ្ធិពលរបស់មេរោគកូរូណាថមថយដោយប្រការណាមួយឡើយ។

ផ្ទុយទៅវិញ បើយោងទៅតាមការសិក្សាថ្មីមួយទៀតបានបង្ហាញឱ្យឃើញថា មេរោគឬជំងឺរាតត្បាតដូចជាកូវីត១៩នេះជាដើម បែរជាអាចសម្របខ្លួនទៅនឹងបរិស្ថាននៅជុំវិញខ្លួន ជាពិសេសគឺតំបន់ឬប្រទេសណាដែលមានអាកាសធាតុក្តៅទៅវិញ។ លើសពីនេះទៅទៀត មេរោគប្រភេទថ្មីនេះអាចមានលទ្ធភាពរាតត្បាតទៅកាន់តំបន់នានាបានលឿនជាងមុនទៀតផង។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺ សូម្បីតែអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាពិសោធជាក់ស្តែងអំពីកត្តាអាកាសធាតុជាមួយនឹងវីរុសជាច្រើនលើកច្រើនសា ក៏នៅតែគ្មានភស្តុតាងជាក់លាក់ណាមួយដែលអាចចង្អុលប្រាប់ថា កម្តៅក្តៅនៃអាកាសធាតុពិតជាអាចសម្លាប់មេរោគកូវីត-១៩ ដ៏កាចសាហាវនេះបានឡើយ។ ជាក់ស្តែង ដូចជានៅប្រទេសអូស្ត្រាលី និង អ៊ីរ៉ង់ មានការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងកម្រិតមួយលឿននៅក្នុងដំណាក់កាលដំបូងនៃការរាតត្បាត ទោះបីបើប្រទេសទាំងពីនេះមានអាកាសធាតុក្តៅហើយសើមក៏ដោយ។

អាស្រ័យហេតុនេះ សូមកុំមានការធ្វេសប្រហែសឬយល់ច្រឡំថាអាកាសធាតុរបស់ប្រទេសយើងមិនអំណោយផលសម្រាប់មេរោគកូវីដ-១៩ក្នុងការចម្លងឱ្យសោះ។ សូមចងចាំថា យើងអាចភ្លេចកូវីដ ប៉ុន្តែកូវីដមិនដែលភ្លេចយើងនោះទេ។ សូមចូលរួមអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល "បីកុំ បីការពារ" ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

រៀបរៀងដោយ៖ កុយ រតនា


Comments