តើយើងអាចគ្រប់គ្រងសុបិនរបស់ខ្លួនឯងបានដែរឬទេ?

 Lucid Dream គឺជាការយល់សុបិនមួយប្រភេទ ដែលយើងអាចមានម្ចាស់ការក្នុងគ្រប់គ្រងសុបិនរបស់ខ្លួនឯងបានទាំងស្រុងនិងអាចចងចាំរឿងរ៉ាវទាំងឡាយដែលកើតមាននៅកំលុងពេលដែលយើងដេកនោះ។ នៅក្នុងសុបិននេះ អ្នកអាចធ្វើអ្វីៗបានគ្រប់បែបយ៉ាងដូចជា ការហោះហើរនៅលើអាកាស បង្កើតពិភពលោកថ្មីមួយដែលអ្នកគ្រប់គ្រងដោយខ្លួន ផ្លាស់ប្ដូរនូវប្រវត្តិសាស្ត្ររបស់ខ្លួន និងហេតុការណ៍ជាច្រើនទៀតដែលយើងអាចរកនឹកឃើញបានទៅតាមចំណេះដឹងនិងការស្រមើស្រមៃរបស់យើងតែប៉ុណ្ណោះ។ ចំពោះសុបិនប្រភេទនេះ មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលអាចធ្វើឱ្យពួកគេយល់សុបិននេះបានទៅតាមបំណងរបស់ខ្លួន ដោយសារតែការហ្វឹកហាត់និងការផ្លាស់ប្តូរទម្លាប់របស់ពួកគេជាយូរមកហើយ ប៉ុន្តែមនុស្សសាមញ្ញជាច្រើនដែលមិនធ្លាប់បានដឹងពីសុបិនមួយនេះឬមិនធ្លាប់បានហ្វឹកហាត់អ្វីពីមុនមក មិនអាចគ្រប់គ្រងទៅលើសុបិនរបស់ខ្លួន ដែលគេហៅថា Lucid Dream នេះបានទេ ឬអាចធ្វើបាន ប៉ុន្តែមិនពេញលេញជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ Lucid Dream ក៏អាចផ្ដល់នូវផលប៉ះពាល់ខ្លះៗមកដល់យើងផងដែរ ដូចជាវាអាចនឹងធ្វើឱ្យយើងគេងលក់មិនស្កប់ស្កល់ អស់កម្លាំង នឿយហត់នៅពេលព្រឹក មានអារម្មណ៍ច្របូកច្របល់នៅថ្ងៃបន្ទាប់ និងបង្កឱ្យមានបញ្ហាជាច្រើនទៀត។  

វិធីខ្លះៗក្នុងការធ្វើឱ្យយើងមាន Lucid Dream

- អ្នកអាចក្រោកឡើងនៅកណ្តាលយប់ ហើយអង្គុយលេងពី១៥ទៅ២០នាទី សឹមដេកទៅវិញ។ ការធ្វើបែបនេះនឹងធ្វើឱ្យវគ្គមួយនៃការគេង ដែលគេហៅថា ចលនាញាប់នៃភ្នែក ឬ REM Sleep កើតឡើងជាញឹកញាប់ក្នុងដំណេករបស់យើង ព្រោះ REM គឺជាវគ្គមួយដែលសុបិនប្រភេទកើតមានឡើងជានិច្ច។ ទោះបីជាយ៉ាងណាក៏ដោយ ក៏វាមិនប្រាកដថា សុបិននេះនឹងកើតឡើងនៅក្នុងការសាកល្បងហ្វឹកហាត់លើកដំបូងនោះទេ ដោយយើងត្រូវបន្តធ្វើវាជាច្រើនដងទៀតនៅថ្ងៃបន្តបន្ទាប់។

- អ្នកអាចកត់ត្រាទុកនូវសុបិនដែលអ្នកមាន ដោយវានឹងជួយឱ្យអ្នកមានការចងចាំខ្ពស់អំពីសុបិនមួយនោះក្នុងរយៈពេលយូរ។ លើសពីនេះទៅទៀត វានឹងជួយបែងចែកភាពខុសគ្នារវាង Lucid Dream និងសុបិនធម្មតា។ 

- អ្នកត្រូវសង្កេតមើលទៅលើស្ថានភាពបច្ចុប្បន្នរបស់អ្នកថា តើវាជាសុបិនឬភាពជាក់ស្តែងមែនទែន ដោយសារតែសុបិននេះមានលក្ខណ:ដូចទៅនឹងជីវិតជាក់ស្ដែងរបស់យើងដែរ ដូច្នេះ វាអាចនឹងបង្កការយល់ច្រឡំរវាងអ្វីដែលជាការពិតនិងអ្វីដែលជាសុបិន។ លើសពីនេះទៅទៀត វានឹងអាចបង្កទៅជាជម្លោះរវាងអ្នកជាមួយនឹងអ្នកជុំវិញខ្លួនបាន ដោយសារតែការច្រឡំនេះ ដូចជា អ្នកអាចនឹងចោទប្រកាន់ថានរណាម្នាក់ធ្វើអ្វីមួយខុស ទាំងដែលការពិតទៅ វាគ្រាន់តែជាសុបិនរបស់អ្នកប៉ុណ្ណោះ។

រៀបរៀងដោយ៖ ប៉េង គីមតុង

រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក 




Comments