អត្ថប្រយោជន៍នៃការសរសេរកំណត់ហេតុចំពោះសុខភាព


ការសរសេរ គឺជាវិធីទំនាក់ទំនងមួយដែលទទួលបានការពេញនិយមកាលពីសម័យដើម។ ជាទូទៅ មនុស្សជំនាន់មុនបានយកការសរសេរធ្វើជាវិធីប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដូចជាការសរសេរសំបុត្រជាដើម មុនការរីកចម្រើននៃបច្ចេកវិទ្យាបានឈានចូលមកដល់។ មិនតែប៉ុណ្ណោះ ពួកគេក៏ចូលចិត្តការសរសេរកំណត់ហេតុទុកផងដែរ។ ការសរសេរកំណត់ហេតុមិនត្រឹមតែអាចបន្សល់ទុកជាអនុស្សាវរីយ៍ឬយកធ្វើជាភស្តុតាងអ្វីមួយនោះទេ វាក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរបស់យើងមួយចំនួនទៀតផង។ 

ខាងក្រោមនេះ ជាមូលហេតុមួយចំនួនដែលបង្ហាញថាការសរសេរពីរឿងរ៉ាវដែលអ្នកជួបប្រទះល្អចំពោះសុខភាពផ្លូវចិត្តរបស់អ្នក៖ 

១- កាត់បន្ថយបញ្ហាស្រ្តេស៖ បញ្ហាស្រ្តេសអាចបង្ករផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ផ្លូវអារម្មណ៍ និងផ្លូវកាយផងដែរ។ វាត្រូវបានបង្ហាញថាការសសេរគឺជាវិធីគ្រប់គ្រងបញ្ហាភាពតានតឹងដ៏មានប្រសិទ្ធភាពមួយ។ ការស្រាវជ្រាវមួយបានបង្ហាញថា ការចំណាយពេលពី១៥ទៅ២០នាទីក្នុងមួយថ្ងៃដើម្បីសរសេរចេញនូវអារម្មណ៍ពិបាកចិត្តប្រចាំថ្ងៃរបស់អ្នកអាចជួយកាត់បន្ថយការកើនឡើងនៃសម្ពាធឈាមនិងពង្រឹងមុខងារថ្លើមផងដែរ។ មិនតែប៉ុណ្ណោះ ការសរសេរចេញពីបញ្ហាតានតឹងទាំងនោះក៏អាចជួយឱ្យអ្នកអាចរកឃើញដំណោះស្រាយក្នុងការគ្រប់គ្រងភាពតានតឹងនោះផងដែរ។ 

២- ពង្រឹងមុខងារភាពស៊ាំនៃសារពាង្គកាយ៖ ការស្រាវជ្រាវបានបង្ហាញថា ការសរសេររៀបរាប់ពីអារម្មណ៍របស់អ្នកអាចជួយពង្រឹងភាពស៊ាំនៃសារពាង្គកាយឱ្យកាន់តែប្រសើរឡើងនិងកាត់បន្ថយការប្រឈមនឹងជម្ងឺផ្សេងៗ។ មិនតែប៉ុណ្ណោះ វាក៏ធ្វើឱ្យមុខងារសួតនិងថ្លើមប្រសើរឡើងផងដែរ។ 

៣- ជួយឱ្យមុខងារខួរក្បាលដំណើរការបានល្អ៖ ការសិក្សាបានបង្ហាញឱ្យឃើញថា ការសរសេរអាចជួយបង្កើនការចងចាំនិងជួយឱ្យខួរក្បាលដំណើរការគិតបានល្អជាងមុនផងដែរ។ 

៤- បង្កើនអារម្មណ៍ល្អ៖ មិនត្រឹមតែជួយឱ្យខួរក្បាលដំណើរការបានល្អនោះទេ បន្ទាប់ពីការសរសេរចេញនូវអារម្មណ៍របស់អ្នក អ្នកនឹងមានអារម្មណ៍ថាមានក្ដីសុខ និងស្រស់ស្រាយជាងមុន ព្រោះអ្នកបាននិយាយចេញពីអារម្មណ៍តប់ប្រមល់ក្នុងខ្លួនទៅលើក្រដាស។ 

ប្រភព៖ គេហទំព័រ Intermountain Healthcare 

ប្រែសម្រួលដោយ៖ អម្រិន ពិសី 


Comments