ផលប៉ះពាល់នៃការអង្គុយក្នុងរយៈពេលច្រើនម៉ោង

នៅក្នុងសម័យបច្ចុប្បន្នដែលពោរពេញដោយភាពមមាញឹកនោះ ស្ទើរតែគ្រប់ការងារទាំងអស់រមែងតម្រូវឱ្យមនុស្សយើងចំណាយពេលវេលាជាច្រើនម៉ោង ជាពិសេសគឺអង្គុយដើម្បីបំពេញការងារទាំងនោះយ៉ាងគួរឱ្យធុញទ្រាន់បំផុត។ ប៉ុន្តែអ្វីដែលគ្រោះថ្នាក់ជាងភាពធុញទ្រាន់ទៅទៀតនោះ គឺការអង្គុយក្នុងរយៈពេលច្រើនម៉ោងអាចផ្ដល់មកឱ្យអ្នកនូវហានិភ័យចំពោះសុខភាពជាច្រើនផងដែរ៖

១- វាធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺបេះដូង៖ អ្នកវិទ្យាសាស្រ្តបានកត់សម្គាល់ឃើញថា មានភាពខុសប្រក្រតីកើតឡើងនៅក្នុងការសិក្សាប្រៀបធៀបទៅលើក្រុមពីរ គឺក្រុមអ្នកបើកបរដែលអង្គុយស្ទើរតែពេញមួយថ្ងៃនិងអ្នកយាមដែលឈរស្ទើរតែពេញមួយថ្ងៃដូចគ្នា។ ការសិក្សាបានបង្ហាញថា អ្នកដែលអង្គុយប្រឈមនឹងជំងឺបេះដូងទ្វេដងជាងអ្នកដែលឈរ។

២- វាអាចធ្វើឱ្យអ្នកមានអាយុខ្លី៖ អ្នកនឹងប្រឈមមុខខ្ពស់នឹងការស្លាប់ដោយសារបុព្វហេតុណាមួយ ប្រសិនបើអ្នកអង្គុយយូរៗច្រើនម៉ោងជាប់គ្នាពេក។ បើទោះបីបើអ្នកហាត់ប្រាណរាល់ថ្ងៃក៏ដោយ ក៏វាមិនអាចជួយអ្នកបាននោះដែរ។ 

៣- ហានិភ័យខ្ពស់ក្នុងការកើតជំងឺវង្វេង៖ ប្រសិនបើអ្នកអង្គុយច្រើនម៉ោងពេក ខួរក្បាលរបស់អ្នកអាចធ្វើឱ្យអ្នកមើលទៅដូចជាមនុស្សដែលមានជំងឺវង្វេងវង្វាន់។ ការអង្គុយក៏បង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែមជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើសឈាម និងកម្រិតកូលេស្តេរ៉ុលខ្ពស់។ ការធ្វើចលនាពេញមួយថ្ងៃអាចជួយបានច្រើនជាងការធ្វើលំហាត់ប្រាណដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពទាំងអស់នេះ។

៤- ការធ្វើលំហាត់ប្រាណទាំងអស់របស់អ្នកនឹងក្លាយជាអាសាបង់៖ ការធ្វើលំហាត់ប្រាណមិនអាចទប់ទល់ពីផលប៉ះពាល់នៃការអង្គុយច្រើនពេកបាននោះទេ ទោះបីបើអ្នកធ្វើលំហាត់ប្រាណ៧ម៉ោងក្នុងមួយសប្ដាហ៍ឬលើសពីនេះទៀតក៏ដោយ វាក៏នៅតែមិនអាចជួយទប់ទល់ពីគុណវិបត្តិដែលបណ្ដាលមកពីការអង្គុយរយៈពេល៧ម៉ោងជាប់គ្នាបានដែរ។

៥- វាបំផ្លាញខ្នងរបស់អ្នក៖ ការអង្គុយធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំងទៅលើសាច់ដុំកនិងឆ្អឹងខ្នងរបស់អ្នក។ វានឹងកាន់តែអាក្រក់ ប្រសិនបើអ្នកអង្គុយកោង។ ចូររកកៅអីអង្គុយណាមួយដែលមានកម្ពស់ត្រឹមត្រូវ ហើយអាចទ្រទ្រង់ខ្នងរបស់អ្នកបានល្អ ប៉ុន្តែត្រូវចាំថា មិនថាអ្នករកបានកៅអីមានផាសុខភាពយ៉ាងណាទេ ខ្នងរបស់អ្នកនៅតែមិនអាចទ្រាំទ្រក្នុងការអង្គុយរយៈពេលយូរបានឡើយ។ ដូច្នេះ ចូរក្រោកឡើងហើយធ្វើចលនាប្រហែលមួយឬពីរនាទីរៀងរាល់កន្លះម៉ោងដើម្បីឱ្យឆ្អឹងខ្នងរបស់អ្នកដំណើរការល្អ។

៦- ហានិភ័យនៃការកើតជំងឺមហារីកកើនឡើង៖ វាធ្វើឱ្យអ្នកងាយនឹងកើតជំងឺមហារីកពោះវៀនធំ ស្បូនឬមហារីកសួត។ បើអ្នកអង្គុយកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់។ ស្ត្រីវ័យចំណាស់មានអត្រាជំងឺមហារីកសុដន់ខ្ពស់ព្រោះតែការអង្គុយរយៈពេលយូរនិងច្រើនហួសកម្រិត។

រៀបរៀងដោយ៖ ឡាយ សៀកលីម
រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក


Comments