បន្លែ៤ប្រភេទដែលល្អចំពោះសុខភាព

ជាធម្មតា សារពាង្គកាយរបស់មនុស្សតែងតែត្រូវការនូវសារធាតុចិញ្ចឹមដែលអាចជួយជំរុញកោសិកា សរីរាង្គ និងប្រព័ន្ធស៊ាំឱ្យមានដំណើរការលូតលាស់បានល្អតាមមុខងារនីមួយៗរបស់វា នោះនឹងធ្វើឱ្យយើងមានសុខភាពល្អនិងមិនងាយឆ្លងឬកើតនូវជម្ងឺផ្សេងៗឡើយ។ 

ជាក់ស្តែងណាស់ បន្លែ ជាអាហារដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបំប៉នសរីរាង្គខាងក្នុងនៃសារពាង្គកាយមនុស្ស។ ម្យ៉ាងវិញទៀត បន្លែ ក៏ផ្ទុកនូវប្រូតេអ៊ីន វីតាមីន និងសារធាតុចិញ្ចឹមទ្រទ្រង់សំខាន់ៗដទៃទៀតផងដែរ។

១- ខាត់ណា (Broccoli)

យោងតាមវិទ្យាស្ថានជាតិសិក្សាពីជំងឺមហារីក (National Cancer Institute) តាមរយៈការសិក្សាស្រាវជ្រាវទៅលើសត្វបានបង្ហាញឱ្យដឹងថា សារធាតុជាច្រើនត្រូវបានគេឱ្យឈ្មោះថា Indoles និង Isothiocyanates ដែលមាននៅក្នុងខាត់ណាអាចជួយបំប៉ននិងរារាំងទប់ស្កាត់ពីការវិវត្តនៃជំងឺមហារីកនៅផ្នែកមួយចំនួនដូចជា តម្រងនោម សុដន់  ថ្លើម និងក្រពះ។  ម្យ៉ាងវិញទៀត វាក៏អាចជួយការពារកោសិកាពីការបំផ្លាញដោយ ADN (DNA) ព្រមទាំងភ្នាក់ងារអសកម្មមួយចំនួនដែលអាចនឹងបង្កឱ្យមានជំងឺមហារីក និងមានឥទ្ធិពលប្រឆាំងនឹងការរលាកជាដើម។

២- ដំឡូងជ្វា (Sweet Potato)

ដំឡូងជ្វា ត្រូវបានគេចាត់ទុកជាបន្លែផងនិងជាផ្លែឈើផងដែរ។ សំបករបស់វាអាចផ្តល់នូវថាមពល១០៣កាឡូរី និងខ្លាញ់ចំនួន០.១៧ក្រាម។ លើសពីនេះ វាផ្ទុកនូវវីតាមីនអា (A) វីតាមីនសេ (C) 25% ថាមពល B6 ប៉ូតាស្យូម 12% សម្បូរជាតិសរសៃ (Fiber) និងបេតាការ៉ូទីន (Beta Carotene) ដែលអាចជួយក្នុងការពង្រឹងដល់សុខភាពចក្ខុវិញ្ញាណ គ្រប់គ្រងសម្ពាធឈាម និងជួយប្រឆាំងដល់ជំងឺមហារីកផងដែរ។

៣- ការ៉ុត (Carrot)

ការ៉ុត មានផ្ទុកថាមពល52កាឡូរីនិងវីតាមីនអា (A) ដែលជាសមាសធាតុសំខាន់ណាស់សម្រាប់សុខភាពភ្នែក ហើយការបរិភោគការ៉ុតក្នុងបរិមាណសមល្មមអាចជួយការពារពីការបាត់បង់នូវចក្ខុវិស័យផងដែរ។ បន្ថែមលើសពីនេះ សារធាតុចិញ្ចឹមដែលមាននៅក្នុងការ៉ុតមួយចំនួនក៏អាចជួយប្រឆាំងនឹងជំងឺមហារីក ពិសេសជួយទប់ស្កាត់ដល់ហានិភ័យនៃការកើតជំងឺមហារីកសុដន់ទៀតផង។

៤- ប៉េងប៉ោះ (Tomato)

ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទដែលមានផ្ទុកនូវថាមពល32កាឡូរី ប៉ូតាស្យូមចំនួន427មីលីក្រាម និងវីតាមីនសេ (C) ចំនួន24.7មីលីក្រាម។ ទន្ទឹមនឹងនេះ ប៉េងប៉ោះ ក៏មានផ្ទុកសារធាតុលីកូពីន (Lycopene) ដែលជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ តាមរយៈការស្រាវជ្រាវបានបង្ហាញថា លីកូពីន (Lycopene) និងបេតាការ៉ូទីន (Beta Carotene) ជួយទប់ស្កាត់នឹងជំងឺមហារីក និងជាពិសេស ក៏អាចជួយការពារជំងឺមហារីកក្រពេញប្រូស្តាតបានដែរ។

រៀបរៀងដោយ៖ អ៊ង គឹមងៀន

រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក

សៀវភៅ ចំណេះដឹងសកល ភាគ២



Comments