មនុស្សយើងម្នាក់ៗសុទ្ធតែមានផ្ទះក្នុងក្តីប្រាថ្នាដាច់ដោយឡែកពីគ្នា ប៉ុន្តែអ្វីដែលពួកគេមានក្ដីប្រាថ្នាដូចគ្នានោះគឺ ផ្ទះដែលគេអាចសម្រាកពីភាពនឿយហត់នៃការងារនិងជីវិត ព្រមទាំងមានអ្នកចាំផ្តល់កម្លាំងចិត្តនៅទីនោះ។ ចុះប្រសិនបើផ្ទះដែលអ្នកមានគឺជាផ្ទះទឹកកក ផ្ទះដែលធ្វើឱ្យអ្នកមានអារម្មណ៍រងា ឯកោ និងសោកសៅ តើអ្នកចង់បន្តរស់ក្នុងផ្ទះបែបនោះទៀត ឬដើរចេញ? ជាការពិត ទោះអ្នកដើរចេញបាន តើអ្នកប្រាកដទេថា អ្នកនឹងមិនបង្កើតបានផ្ទះទឹកកកថ្មី? ទោះបីជាយ៉ាងណា អ្នកគួរព្យាយាមដោះស្រាយបញ្ហាពីផ្ទះចាស់របស់អ្នកសិន។
នេះជាវិធីសាស្ត្រសាមញ្ញខ្លះៗ ដែលអ្នកគួរធ្វើដើម្បីបង្កើតបានផ្ទះកក់ក្តៅឡើងវិញ។
១- បើកចិត្តនិយាយគ្នា៖ គ្រប់គ្នាជាគ្រួសារតែមួយ យើងពិតជាអាចនិយាយគ្នាតាមសម្រួលបាន។ រឿងមិនពេញចិត្តគ្នា ជម្លោះពាក្យសម្ដីតែងកើតមានចៀសមិនបាន ប៉ុន្តែអ្វីដែលសំខាន់នោះ គឺយើងអាចបើកចិត្តនិយាយគ្នាដោយត្រង់ ហើយមានឆន្ទៈដោះស្រាយបញ្ហាជាមួយគ្នា។
២- ថយមួយជំហាន៖ មិនមានន័យដល់ការចាញ់ឈ្នះនោះទេ។ នៅក្នុងគ្រួសារ ប្រសិនបើអ្នកប្រកាន់ចិត្តចាញ់ឈ្នះគ្នា អ្នកនឹងគ្មានថ្ងៃមានក្តីសុខជាមួយគ្នាទេ។ ថយចេញពីបញ្ហា អ្នកអាចនឹងរកបានដំណោះស្រាយដ៏ប្រសើរ ជាជាងទ្រាំសំងំនៅក្នុងបញ្ហាទាំងនោះ។
៣- ចិត្តអធ្យាស្រ័យ៖ ត្រូវចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ព្រោះគ្មានអ្នកណាម្នាក់ដែលមិនធ្លាប់មានកំហុសនោះទេ។ ការអភ័យទោស គឺជាការផ្តល់ឱកាសដើម្បីទទួលបានក្តីសុខទាំងអស់គ្នា។
៤- ក្តីស្រលាញ់ចំពោះគ្រួសារ៖ អ្នកគួរតែរក្សាក្ដីស្រឡាញ់ដែលអ្នកមានឱ្យបាន ទើបអ្នកមានកម្លាំងប្រយុទ្ធជាមួយនឹងបញ្ហាបន្ត។ ដរាបណាអ្នកនៅតែមានក្តីស្រលាញ់ អ្នកប្រាកដជារកឃើញវិធីសាស្រ្តល្អក្នុងការបង្កើនចំណងនៃក្តីស្រលាញ់នៅក្នុងគ្រួសារ ហើយអ្នកនឹងទទួលបានភាពកក់ក្តៅនិងសុភមង្គលផងដែរ។
រឿងមួយដែលសំខាន់បំផុតនៅក្នុងគ្រួសារនោះគឺ អ្នកមិនអាចដោះស្រាយបញ្ហាតែម្នាក់ឯងបានឡើយ។ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់អ្នក គឺជាវេទមន្តដែលអាចបើកចិត្តរបស់សមាជិកដទៃទៀតឱ្យចូលរួមជាមួយគ្នា ដើម្បីសម្រេចគោលដៅរួមគ្នាគឺ ការកសាងផ្ទះដ៏កក់ក្តៅមួយឡើង។
អត្ថបទដោយ៖ គង់ លក្ខណា
រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក
Comments
Post a Comment