ការ​គ្រប់​គ្រង​អារម្មណ៍​ភ័យ​ខ្លាចនៅកំលុងពេលនៃការ​ធ្វើ​បទ​បង្ហាញ​

ការ​ធ្វើ​បទ​បង្ហាញ​លើក​ដំបូង​នឹង​ធ្វើ​ឱ្យ​អ្នក​គិត​ច្រើន បារម្ភច្រើន​ និងភ័យ​ខ្លាចខ្លាំង។ តាមពិតទៅ វា​គឺ​ជា​ធម្មជាតិ​របស់​មនុស្ស​យើងគ្រប់រូប ដែល​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​នូវអារម្មណ៍​បែប​នេះ គ្រាន់តែមនុស្សម្នាក់ៗមានរបៀបនៃការគ្រប់គ្រងនិងតទល់ទៅនឹងវាដាច់ដោយឡែកពីគ្នាតែប៉ុណ្ណោះ។ តើយើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បីអាច​គ្រប់​គ្រង​ភាព​ភ័យ​ខ្លាច​ទាំង​នោះបាន?

ខាងក្រោម​នេះ​ គឺជា​វិធី​សាស្រ្ត​មួយចំនួន​ដែលអាចជួយ​អ្នកក្នុងការ​គ្រប់​គ្រង​ភាព​ភ័យ​ខ្លាចបាន៖

១- អនុវត្តឬហាត់សមឱ្យ​បាន​ច្រើននិងគ្រប់​ពេលដែល​អ្នកមាន​ឱកាស មិន​ថា​នៅ​ម្នាក់ឯង ហៅ​មិត្ត​ភក្តិ​មក​កំដរ​ ឬ​នៅ​ជា​មួយ​នឹងគ្រួសារ​ឡើយ។ អនុវត្ត​កាន់តែ​ច្រើន ​អ្នក​នឹង​ធ្វើ​បាន​កាន់តែ​ល្អ។

២- គិត​វិជ្ជមានជានិច្ចនិងត្រូវ​ធ្វើ​ចិត្តឱ្យហើយក្នុងការ​ទទួល​យក​លទ្ធ​ផល ទោះបីបើវានឹងស្ថិតក្នុងស្ថានភាពបែប​ណា​ក៏​ដោយ។ នៅពេលដែលអ្នក​​ធ្វើ​វា​ឱ្យ​អស់ពី​សមត្ថភាព​ ​អ្នក​នឹង​គ្មានការស្តាយក្រោយ​ចំពោះ​លទ្ធ​ផលឡើយ។

៣- ទៅ​ដល់​ឱ្យ​បាន​មុន​ម៉ោង ដើម្បី​ឱ្យ​អ្នក​មាន​ពេល​ត្រៀម​ខ្លួន​ និង​សម្រប​ខ្លួន​ជាមួយ​នឹង​ទីកន្លែង ក៏​ដូច​ជា​អ្នក​ចូល​រួម​មុន​ពេល​ចាប់​ផ្តើម​។ ទៅ​ដល់​លឿន តែងតែល្អជាង​ទៅ​ដល់​យឺត។

៤- ដក​ដង្ហើម​វែងៗប្រសិន​បើ​អ្នក​ចាប់​ផ្តើម​ភ័យ ព្រោះវានឹងជួយ​សម្រួល​អារម្មណ៍​របស់​អ្នក​ឱ្យ​ធូរស្រាល​មក​វិញ។ តាំង​ចិត្ត​ឱ្យ​ស្ងប់​ហើយ​ផ្អាក​បន្តិច​ដើម្បី​ទុក​ពេល​ឱ្យ​ខ្លួន​ឯង​សម្រាក​ ហើយ​សឹម​បន្ត​បទ​បង្ហាញ​តទៅ​ទៀត

៥- ចូរទទួលទានទឹក ព្រោះនៅពេលដែល​អ្នកមា​ន​អារម្មណ៍​ភ័យ​ខ្លាំង​ ករបស់​អ្នក​នឹង​ស្ងួត ដូច្នេះ នៅ​ពេល​ដែលអ្នក​ផ្អាក​បន្តិច​នោះ​ អ្នកអាច​ឆ្លៀត​ពេល​ញ៉ាំ​ទឹក​ផ្សើម​បំពង់​ក​និង​សម្រួល​សំឡេងឡើង​វិញ។

៦- ការញញឹមគឺជា​អ្វី​ដែល​អ្នក​មិន​គួរ​រំលងនោះឡើយ។ ការ​ញញឹម​នឹង​ជួយ​ជំរុញ​ទឹក​ចិត្ត​និង​កម្លាំង​ចិត្ត​របស់​អ្នក។ ជាពិសេស ​នៅ​ពេល​ដែល​អ្នក​ញញឹម​ទៅ​កាន់​នរណាម្នាក់​ គេ​ច្បាស់​ជា​ញញឹម​មក​កាន់អ្នក​វិញ។ អ្នក​នឹង​ទទួល​បាននូវទំនុក​ចិត្ត​បន្ថែម​ពីការ​ញញឹម​នេះ។

រៀបរៀងដោយ៖ គង់ លក្ខណា

រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក



Comments