មនុស្សជាច្រើនឆ្ងល់ថា តើសត្វត្រីចេះដេកដែរឬទេ?
ចម្លើយយ៉ាងសាមញ្ញនោះ គឺពួកវាក៏ចេះដេកដូចមនុស្សយើងដែរ! ពួកគេអាចដេកបាននៅគ្រប់ពេលវេលាទាំងអស់ ទោះពេលថ្ងៃឬពេលយប់ក៏ដោយ។ ប៉ុន្តែ សត្វត្រីដេកលក់ដោយបើកភ្នែក ព្រោះវាមិនមានត្របកភ្នែកដើម្បីបិទនោះទេ (លើកលែងតែត្រីឆ្លាមខ្លះ) ។
ការដេករបស់ត្រី មិនដូចទៅនឹងការដេករបស់មនុស្សទេ។ ប្រសិនបើអ្នកជាម្ចាស់របស់ត្រីមាសឬបានសង្កេតមើលវាយ៉ាងជិត អ្នកប្រហែលជាអាចកត់សម្គាល់បាននូវនៃការដេកនិងពេលវេលានៃការដេករបស់វា។ វាតែងតែសំកាំងនៅជិតបាតធុង នៅខណៈពេលដែលវាដេក។ ប្រសិនបើអ្នកដាក់ចំណីទៅក្នុងធុងក្នុងកំលុងពេលនេះ អ្នកប្រហែលជាអាចកត់សម្គាល់ឃើញថា វាអាចនឹងត្រូវការពេលយូរជាងធម្មតាដើម្បីឱ្យត្រីក្រោកឡើងនិងឆ្លើយតបទៅនឹងអាហារដែលអ្នកដាក់ឱ្យវាស៊ីនោះ ពោលគឺវាប្រៀបដូចជាអ្នកលំបាកនឹងភ្ញាក់ពីការដេកលក់ស្រួលនៅពេលយប់អ៊ីចឹង។
ពេលខ្លះ មនុស្សមើលឃើញត្រីនៅពេលពួកគេកំពុងដេក ហើយស្មានថាពួកគេភ្ញាក់ព្រោះពួកគេនៅតែធ្វើចលនា។ ត្រីភាគច្រើនចាំបាច់ត្រូវធ្វើចលនាជានិច្ច ទោះបីបើពួកគេកំពុងដេកក៏ដោយ ដើម្បីរក្សាលំហូរទឹកថេរចូលមកក្នុងស្រកីរបស់វា ដើម្បីរក្សាកម្រិតអុកស៊ីសែនឱ្យបានត្រឹមត្រូវនៅក្នុងខ្លួន។ ចំពោះត្រីធំៗមួយចំនួន ដូចជាត្រីឆ្លាម ពួកវាអាចនឹងហែលយឺតក្នុងកំលុងពេលដេកដើម្បីរក្សាកម្រិតអុកស៊ីសែនក៏មាន។
ដកស្រង់ពី៖ គេហទំព័រ Wonder Ropolis
ប្រែសម្រួលដោយ៖ ថា ជាវៃ
រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក
Comments
Post a Comment