វិធីថែរក្សាសុខភាពផ្លូវចិត្តក្នុងកំលុងពេលនៃការធ្វើចត្តាឡីស័ក

ខណៈប្រទេសជុំវិញពិភពលោកកំពុងជួបវិបត្តិនៃជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រទេសកម្ពុជាផ្ទាល់ដែលកំពុងផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ មនុស្សជាច្រើនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ ១៩ មានចេញរោគសញ្ញា ឬបានប៉ះពាល់អ្នកដែលឆ្លងជំងឺនេះដោយផ្ទាល់ឬដោយប្រយោលក្តី តម្រូវឱ្យធ្វើចត្តាឡីស័កជាចាំបាច់ដើម្បីធ្វើការពិនិត្យ តាមដាន ព្យាបាល និងចៀសវាងចម្លងជំងឺទៅអ្នកដទៃ។ កាលៈទេសៈនេះបានញុំាងមនុស្សជាច្រើនឱ្យរងផលប៉ះពាល់ មិនត្រឹមតែទៅលើសុខភាពផ្លូវកាយរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងរងនូវសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរផងដែរ។ យ៉ាងណាមិញ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានការណ៍ណាមួយខាងលើ ឬអ្នកកំពុងតែផ្តាច់ខ្លួនចេញពីការជួបជុំផ្សេងៗដោយអនុវត្តនូវវិធានការដាក់ចេញដោយរាជរដ្ឋាភិបាល ៣ ការពារ និង ៣ កុំ អ្នកអាចថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នកតាមវិធីចម្បងៗ ៣ ដូចខាងក្រោម៖

១- ព្យាយាមរក្សាទំនាក់ទំនង និងបង្កើតសកម្មភាពសប្បាយៗ៖ ការធ្វើចត្តាឡីស័ក មិនមែនមានន័យថាអ្នកមិនអាចទាក់ទងទៅអ្នកដទៃបាននោះទេ អ្នកនៅតែអាចហៅចេញ-ចូល ផ្ញើសារ ហៅចេញជាវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតឬតាមរយៈបណ្តាញសង្គមនានាបានដដែល។ ដូច្នេះហើយ ចូរអ្នករក្សាទំនាក់ទំនងជាមួយនឹងមនុស្សជាទីស្រឡាញ់ ក្រុមគ្រួសារ បងប្អូន ឬមិត្តភក្តិជាធម្មតាទៅ និងមិនគួរព្យាយាមកាត់ផ្តាច់ទំនាក់ទំនងរបស់ខ្លួនឡើយ។ លើសពីនេះ អ្នកអាចឆ្លៀតឱកាសនេះរំសាយទុក្ខកង្វល់ ដោយស្វែងរកនូវសកម្មភាពកំដរអារម្មណ៍ជាច្រើនដូចជាស្តាប់តន្ត្រី តាំងសមាធិ អានសៀវភៅ មើលទូរទស្សន៍ វីដេអូកម្សាន្ត លេងហ្គេម ឬអាចសរសេរពីជំហានបន្ទាប់ដែលខ្លួនចង់ធ្វើ នោះវានឹងអាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងប្រសើរជាងមុន។ 

២- ព្យាយាមថែរក្សាសុខភាពរបស់ខ្លួន៖ ក្នុងកំលុងពេលធ្វើចត្តាឡីស័ក អ្នកគួររក្សាអនាម័យឱ្យបានខ្ពស់ ដោយការពាក់ម៉ាស រក្សាគម្លាត លាងដៃ និងបាញ់អាល់កុលឱ្យបានញឹកញាប់ ហើយព្យាយាមបរិភោគអាហារសុខភាពដែលសម្បូរទៅដោយជីវជាតិនិងប្រូតេអ៊ីនដូចជា៖ បន្លែបៃតង សាច់ ស៊ុត ផ្លែឈើ វីតាមីនសេ (C) ព្រមទាំងផឹកទឹកឱ្យបានច្រើនឬធ្វើទឹកក្រូចឆ្មាផឹកជាប្រចាំ ព្រោះវាអាចជួយពង្រឹងភាពសុំាក្នុងរាងកាយរបស់អ្នកបាន។ លើសពីនេះ អ្នកគួរសម្រាកយ៉ាងតិចណាស់ឱ្យបាន៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ និងគួរព្យាយាមធ្វើលំហាត់ប្រាណឱ្យបាន៣០នាទីជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកកំពុងទទួលបានការព្យាបាល អ្នកគួរធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យនិងព្យាយាមប្រឹងប្រែងយកឈ្នះជំងឺនេះដោយជឿថាអ្នកពិតជាអាចធ្វើបាន។ 

៣- ព្យាយាមគ្រប់គ្រងអារម្មណ៍ និងទុក្ខកង្វល់៖ ថ្វីដ្បិតតែការធ្វើចត្តាឡីស័ក មិនងាយស្រួលដូចជាការគិត អ្នកត្រូវចងចាំថា អ្នកមិនមែនជួបបញ្ហានេះតែឯកឯងនោះទេ ពោលគឺពិភពលោកទាំងមូលកំពុងរងគ្រោះ ហើយមនុស្សជាតិគ្រប់រូបក៏កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះដែរ ដូច្នេះ ជំនួសឱ្យភាពអស់សង្ឃឹមនិងការភិតភ័យ អ្នកគួរពង្រឹងផ្លូវចិត្តរបស់ខ្លួនឱ្យបានរឹងមាំ ហើយត្រូវជឿជាក់ថា អ្នកនឹងអាចយកឈ្នះលើជំងឺនេះបាន។ ក្នុងនោះ ប្រសិនបើអ្នកមានបញ្ហាតានតឹង ស្ត្រេស ឬជួបបញ្ហាណាមួយ ចូរកុំព្យាយាមបៀមទុក្ខតែម្នាក់ឯង គួរចែករំលែកបញ្ហា ឬទុក្ខកង្វល់របស់អ្នកប្រាប់ទៅមនុស្សជុំវិញខ្លួនឱ្យបានដឹង ពីព្រោះពួកគេនឹងនៅចាំជួយដោះស្រាយឬលើកទឹកចិត្តអ្នកជានិច្ច។ 

អត្ថបទដោយ៖ ហូ ពេជ្រមោនីតា

រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក




Comments