វិធានការការពារសុវត្ថិភាពកុមារនៅពេលធ្វើដំណើរទៅលេងសមុទ្ទ

ដំណើរកម្សាន្តនៅក្នុងគ្រួសារ ប្រៀបបានជាពេលវេលាដ៏អស្ចារ្យសម្រាប់សមាជិកនីមួយៗក្នុងការសម្រាកលំហែជុំគ្នា បង្កើនភាពស្និទ្ធស្នាល និងអនុស្សាវរីយ៍ជាមួយគ្នា។ ប៉ុន្តែ នៅពេលដែលអ្នកមានកូនតូចៗរួមដំណើរកម្សាន្តជាមួយដែរនោះ អ្នកត្រូវបង្កើនភាពប្រុងប្រយត្នបន្ថែមទៀត ដើម្បីធានាបាននូវសុវត្ថិភាពនានានៅតំបន់គោលដៅ។ ទាក់ទងនឹងតំបន់មានទឹក ជាធម្មតា ការលង់ទឹកអាចមានឱកាសកើតឡើងលើកុមារមិនថានៅសមុទ្ទ ឬអាងទឹកនោះទេ។ ដូច្នេះ ការរៀបចំនិងការអនុវត្តវិធានសុវត្ថិភាពនៅពេលទៅដល់គោលដៅមាត់សមុទ្ទគួរតែធ្វើឡើងឱ្យបានល្អ។

កំលុងពេលរៀបចំដំណើរកម្សាន្ត៖

  • អ្នកត្រូវរំឭកពីក្បួនហែលទឹកដល់កូនរបស់អ្នកឡើងវិញ ជាពិសេសណែនាំពួកគេជាស្រេចឱ្យបែរមុខមកឆ្នេរ ព្រោះពួកគេអាចរក្សាជំហរបានល្អជាង នៅពេលដែលមានរលកធំ
  • ទិញអាវពោងសុវត្ថិភាពសមល្មមនឹងរូបរាងកូនរបស់អ្នក
  • ចាំបាច់ត្រូវនិយាយណែនាំពីសុវត្ថិភាពនៅតំបន់ឆ្នេរ
  • ទៅតំបន់ណាដែលមានឆ្មាំសមុទ្ទ ព្រោះបើតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា តំបន់ដែលគ្មានឆ្មាំការពារប្រឈមនឹងបញ្ហាលង់ទឹកស្ទើរតែ៥ដងច្រើនជាងតំបន់ដែលមាន
  • បង្រៀនឱ្យកូនរបស់អ្នកចេះសុំការអនុញ្ញាតមុនសម្រេចធ្វើអ្វីមួយ។

ការរក្សាសុវត្ថិភាពកំលុងពេលនៅតំបន់ឆ្នេរ៖

  • ពិនិត្យមើលទីតាំងលំហែកម្សាន្តនៅមាត់សមុទ្ទឱ្យគ្រប់ជ្រុងជ្រោយ ដូចជា ដឹងពីកន្លែងដែលមានឆ្មាំយាម កន្លែងហាមឃាត់ និងកម្រិតទឹករលកជាដើម ព្រោះជាទូទៅ ពេលដែលទៅដល់គោលដៅភ្លាម កុមារៗតែងមានភាពត្រេកអរនឹងបរិយាកាស ហើយអាចភ្លេចខ្លួនជាដើម
  • កំណត់ព្រំដែនឱ្យពួកគេលេង ដូចជាប្រាប់ឱ្យពួកគេនៅចន្លោះទីតាំងណាដល់ទីតាំងណាជាក់លាក់
  • គួរមានអ្នកនៅជាមួយក្មេង ដើម្បីមើលថែ និងការពារសុវត្ថិភាព។

ប្រភព៖ គេហទំព័រ Very Well Family

ប្រែសម្រួលដោយ៖ ឆេង ភត្រា

រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក




Comments