លោក អេឡុន ម៉ាស និងស្ទីវ ចបស៍ បានរកឃើញថា គុណសម្បត្តិដែលជាគន្លឹះជោគជ័យរបស់មនុស្សគ្រប់រូប គឺការផ្តោតអារម្មណ៍។ អ្នកត្រូវសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមិនអាចផ្តោតអារម្មណ៍បាន? ដើម្បីដោះស្រាយបញ្ហានេះដែលជាការរាំងស្ទះដល់ការបំពេញការងាររបស់អ្នក អ្នកត្រូវដឹងពីឫសគល់បញ្ហានេះជាមុនតាមរយៈការបង្ហាញខាងក្រោម៖
១- ទូរសព្ទឆ្លាតវៃរបស់អ្នក៖ ទូរស័ព្ទដៃអាចជាអាវុធមុខពីរ ពោលគឺមានទាំងផលវិជ្ជមាននិងអវិជ្ជមាន។ ស្របពេលដែលមនុស្សមួយចំនួនប្រើប្រាស់ទូរសព្ទដៃជាឧបករណ៍ដើម្បីជួយដល់ការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ក៏អាចមានមនុស្សមួយចំនួនទៀតដែលប្រើប្រាស់ដើម្បីលេងហ្គេមឬស្តាប់តន្ត្រីផងដែរ។ ជាដំណោះស្រាយ អ្នកគួរបំប្លែងមុខងារនៃការប្រើប្រាស់ទូរសព្ទរបស់អ្នកទៅជាឧបករណ៍អាជីវកម្មបែបឆ្លាតវៃវិញ ដោយអ្នកគ្រាន់តែដំឡើងកម្មវិធីដែលចាំបាច់ប៉ុណ្ណោះ។
២- សារជូនដំណឹង (Notifications)៖ នេះជាការរួមចំណែកដល់បញ្ហានៃការផ្តោតអារម្មណ៍ផងដែរ ពោលគឺមនុស្សភាគច្រើនភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈអ៊ីមែល បណ្តាញសង្គម ឬសារផ្សេងៗជាដើម នៅលើទូរស័ព្ទដៃ។ ដូច្នេះ ក្នុងមួយថ្ងៃៗ អ្នកប្រាកដជាទទួលបានសារជាច្រើន ទាំងសារឆ្លើយតប អ៊ីមែល សារកម្មវិធី និងបច្ចុប្បន្នភាពព័ត៌មានជាដើម។ ជាដំណោះស្រាយ អ្នកគួរតែបិទសារជូនដំណឹងនានាដែលមិនចាំបាច់សម្រាប់អ្នក។
៣- កង្វះការលើកទឹកចិត្ត៖ មានព័ត៌មានជាច្រើនដែលបានចុះផ្សាយពីការប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅដល់មនុស្សនិងអាជីវកម្មនៅក្នុងសម័យកូវីដ ប៉ុន្តែអ្វីដែលមិនត្រូវបានលើកយកមកនិយាយច្រើន គឺផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពផ្លូវចិត្តរបស់មនុស្ស ជាពិសេសគឺការលើកទឹកចិត្ត។ ដូច្នេះ អ្នកគួរព្យាយាមស្វែងរកមធ្យោបាយលើកទឹកចិត្តនានាតាមរយៈការអានអត្ថបទ ឬស្តាប់ការលើកទឹកចិត្តពីបុគ្គលដែលអ្នកពេញចិត្ត តាមរយៈទូរសព្ទដៃឬដោយផ្ទាល់។
៤- ការបំពេញពហុមុខងារ៖ មនុស្សចូលចិត្តធ្វើការច្រើនមុខក្នុងពេលតែមួយ ដែលជាការប្រឆាំងនឹងការផ្តោតអារម្មណ៍។ ដូច្នេះ អ្នកគួរចៀសវាងឱបក្រសោបការងារច្រើនក្នុងពេលតែមួយ ហើយងាកមកផ្តោតលើការងារតែមួយក្នុងពេលតែមួយ។ វាហាក់បីដូចជា អ្នកមិនមានបន្ទុកការងារច្រើន ហើយការផ្តោតលើកិច្ចការតែមួយក្នុងពេលតែមួយ អាចឱ្យអ្នកសម្រេចការងារនោះបានឆាប់រហ័ស។
៥- បញ្ហាសុខភាព៖ ជាការពិត សុខភាពមិនប្រក្រតីអាចបង្កឱ្យការផ្តោតអារម្មណ៍របស់អ្នកធ្លាក់ចុះ។ ដូច្នេះ វាជាការល្អណាស់ដែលអ្នកគួរតែញ៉ាំចំណីអាហារឱ្យបានត្រឹមត្រូវ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងចៀសវាងពីសារធាតុអាល់កុល និងកាហ្វេអ៊ីន។
៦- ដេកមិនបានគ្រប់គ្រាន់៖ ដំណេកគឺជាពេលដែលរាងកាយ និងផ្លូវចិត្តរបស់អ្នកទាញយកថាមពលឡើងវិញ ដូច្នេះ អ្នកគួរផ្តល់អាទិភាពដល់ការទទួលទានដំណេក ដោយរៀបកាលវិភាគឱ្យបានត្រឹមត្រូវ។ ក្នុងករណីដែលអ្នកចាំបាច់ត្រូវបន្តកិច្ចការរហូតដល់យប់ជ្រៅ អ្នកគួរឆ្លៀតរកពេលសម្រាករយៈពេលខ្លីនៅថ្ងៃបន្ទាប់។
៧- ការមើលអេក្រង់៖ មិនថាអេក្រង់ទូរសព្ទ ថេប្លេត ឬទូរទស្សន៍នោះទេ វាសុទ្ធសឹងតែប៉ះពាល់ដល់ភ្នែករបស់អ្នក ហើយអ្នកខ្លះមានបញ្ហាឈឺក្បាល និងឈឺភ្នែកនៅពេលដែលសម្លឹងមើលអេក្រង់យូរ។ ដូច្នេះ អ្នកគួរប្រើប្រាស់ក្បួន ២០ ២០ ២០ ពោលគឺ រៀងរាល់ពេលដែលអ្នកសម្លឹងអេក្រង់អស់២០នាទី អ្នកត្រូវសម្លឹងទិដ្ឋភាពដែលស្ថិតឆ្លាយពីអ្នក២០ម៉ែត្រ ឱ្យបាន២០វិនាទី។
៨- ប្រើប្រាស់បណ្តាញសង្គម៖ ការប្រើប្រាស់បណ្តាញសង្គមខុសពេលវេលាឬយូរហួសហេតុក៏អាចកាត់ផ្តាច់ការផ្តោតអារម្មណ៍របស់អ្នកបានដែរ។ ដូច្នេះ អ្នកគួរតែកំណត់រយៈពេលប្រើប្រាស់ឱ្យបានសមស្រប។
ប្រភព៖ Life Hack
ប្រែសម្រួលដោយ៖ ឆេង ភត្រា
Comments
Post a Comment