តើអ្នកទទួលទានអាហារពេលព្រឹកទៀងទាត់ដែរឬទេ? អាហារពេលព្រឹក គឺជាអាហារដំបូងគេបង្អស់ដែលយើងទទួលទាន ហើយវាក៏ដើរតួសំខាន់ណាស់ចំពោះសុខភាពរបស់យើង។ ការបរិភោគអាហារពេលព្រឹកដែលមានសុខភាពល្អក៏អាចជួយកាត់បន្ថយភាពស្មុគស្មាញរបស់យើងផងដែរ។
ខាងក្រោមនេះ គឺហេតុផល៥យ៉ាងដែលយើងមិនគួរមើលរំលងអាហារពេលព្រឹក៖
១- អត្រានៃជំងឺទឹកនោមផ្អែមធ្លាក់ចុះទាប៖ យោងតាមការសិក្សាជាច្រើនមកនេះ ការបរិភោគអាហារពេលព្រឹកមិនបានទៀងទាត់អាចធ្វើឱ្យវិវត្តទៅរកជំងឺទឹកនោមផ្អែមបាន ដោយសារតែអាំងស៊ុយលីនគឺជាអរម៉ូនដែលជួយឱ្យជាតិគ្លុយកូស (ស្ករមួយប្រភេទក្នុងឈាម) ធ្លាក់ចុះ ហើយវានឹងមានការកើនឡើងខ្លាំង បន្ទាប់ពីពេលទទួលទានអាហារថ្ងៃត្រង់ដែលធ្វើឱ្យមនុស្សងាយនឹងកើតជំងឺទឹកនោមផ្អែម។
២- ការចងចាំល្អប្រសើរឡើង៖ អ្នកដែលបានបរិភោគអាហារពេលព្រឹកមានផ្លូវចិត្តមុតមាំជាងអ្នកដែលមិនបរិភោគដោយសារតែម្ហូបអាហារមួយចំនួនដូចជាផ្លែឈើនិងបន្លែផ្សែងៗមានប្រូតេអ៊ីន ត្រូវបានបង្ហាញថាអាចជួយជំរុញខួរក្បាលឱ្យដំណើរការល្អ ជួយបង្កើនការផ្ដោតអារម្មណ៌ និងអនុញ្ញាតឱ្យយើងមានភាពស្វាហាប់
៣- គេចផុតពីជំងឺខ្សោយបេះដូង៖ អ្នកដែលរំលងអាហារពេលព្រឹកប្រឈមមុខខ្ពស់ណាស់នឹងការស្ទះសរសៃឈាម សម្ពាធឈាមឡើងខ្ពស់ និងមានកម្រិតកូលេស្ដេរ៉ុលខ្ពស់ដែលអាចបណ្ដាលឱ្យហានិភ័យនៃជំងឺគាំងបេះដូងកើនឡើងដល់ទៅ២៧ភាគរយ
៤- ជួយពង្រឹងដល់ដំណើរការមេតាប៉ូលីស៖ ពេលដែលយើងក្រោកពីគេងពេលព្រឹក កម្រិតជាតិស្ករក្នុងឈាមរបស់យើងធ្លាក់ចុះ អ៊ីចឹងហើយ ទើបខ្លួនប្រាណយើងត្រូវការសារធាតុចិញ្ចឹម។ ដូច្នេះ ហើយទើបយើងត្រូវបរិភោគអាហារពេលព្រឹកដែលអាចផ្ដល់ថាមពលឱ្យយើង និងគប្បីបរិភោគមិនឱ្យលើសពី២ម៉ោងបន្ទាប់ពីក្រោកពីដំណេក ដើម្បីពង្រឹងដល់មេតាប៉ូលីស (ប្រតិកម្មគីមីនៅក្នុងរាងកាយមាននាទីរំលាយអាហារ និងបម្លែងឱ្យទៅជាសាធាតុចិញ្ចឹម)។
៥- រក្សាតុល្យភាពទម្ងន់៖ ប្រសិនបើអ្នកកំពុងតែចង់សម្រកទម្ងន់នោះ អ្នកមិនគួររំលងអាហារពេលព្រឹកឡើយ។ ការបរិភោគអាហារពេលព្រឹកឆ្អែតអាចជួយទប់ស្កាត់ការឃ្លានបានពេញមួយថ្ងៃនិងគេចពីការបរិភោគលើសកំណត់ដែលធ្វើឱ្យកាន់តែកើនឡើងនូវកាឡូរី ដែលអាចធ្វើឱ្យយើងធាត់បាន។
ប្រែសម្រួលនិងរៀបរៀងដោយ៖ សេង វណ្ណរ័ត្ន
ប្រភព៖ គេហទំព័រ Times of India
Comments
Post a Comment