ជំហានសំខាន់ៗដែលអ្នកត្រូវដើរដើម្បីឆ្ពោះទៅរកការអភិវឌ្ឍខ្លួន

មាគ៌ាឈានឆ្ពោះទៅរកការអភិវឌ្ឍខ្លួន រមែងតម្រូវឱ្យយើងផ្តោតសំខាន់ទៅលើចំណុចធំៗ២ ដែលគេនិយមហៅថា ជំនាញរឹង (Hard Skill) និង ជំនាញទន់ (Soft Skill)។ តើអ្វីទៅដែលហៅថា ជំនាញរឹង (Hard Skill) និង ជំនាញទន់ (Soft Skill)

ជំនាញរឹង គឺសំដៅលើជំនាញឯកទេសនិងវិជ្ជាជីវៈ ដែលមានដូចជា ជំនាញក្នុងការបង្រៀន ជំនាញវេជ្ជសាស្រ្ត ផ្នែកច្បាប់ ជំនាញកុំព្យូទ័រ ជំនាញជួសជុលរថយន្តជាដើម។ ចំណែក ជំនាញទន់ គឺសំដៅលើជំនាញដែលមានលក្ខណៈជាសិល្បៈនៃការរស់នៅក្នុងសង្គមមនុស្ស ដែលមានដូចជា ជំនាញដឹកនាំ ជំនាញទំនាក់ទំនង ជំនាញនិយាយ ជំនាញការស្តាប់ ជំនាញចិត្តសាស្រ្ត។ល។ យ៉ាងណាមិញ មនុស្សត្រូវចាប់យកជំនាញរឹងឱ្យបានច្បាស់ជាមុនសិន មុននឹងឈានទៅចាប់យកជំនាញទន់បន្ត។ ហេតុអ្វី? ព្រោះជំនាញទន់ គឺជាអ្វីយើងអាចរៀនបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

បន្ទាប់ពីយើងបានយល់ដឹងទៅលើជំនាញទាំងពីរនេះហើយ អ្វីដែលយើងត្រូវធ្វើបន្តទៀត គឺការកំណត់គោលដៅនៃជីវិត ដោយចោទសួរខ្លួនឯងថា តើយើងចង់ក្លាយទៅជានរណា? យើងចង់បានអ្វី? រស់នៅដើម្បីអ្វី? មនុស្សយើងត្រូវរស់នៅក្នុងគោលដៅមួយឱ្យប្រាកដ ព្រោះបើពុំដូច្នោះទេ ពួកគេនឹងប្រើប្រាស់ពេលវេលានៃជីវិតដោយឥតប្រយោជន៍។ មែនទែនទៅ បើយើងមិនដឹងថាយើងចង់បានអ្វីផង តើយើងអាចទទួលបានរបស់នោះបានយ៉ាងដូចម្តេច? 

ក្រៅពីការកំណត់គោលដៅនិងបង្កើនជំនាញជាគោលរួចហើយ ជំហានបន្ទាប់ គឺយើងត្រូវបណ្ដុះនូវទម្លាប់ល្អៗមួយចំនួនបន្ថែមទៀត ដើម្បីធ្វើ​ឱ្យខ្លួនឯងកាន់តែមានសមត្ថភាពខ្ពស់ជាងមុន។ ទម្លាប់ទាំងអស់នោះរួមមានដូចជា៖

១- បណ្តុះទម្លាប់អានសៀវភៅជាប្រចាំ៖ យើងគ្រប់គ្នាដឹងហើយថា មនុស្សខ្លាំងនៅលើលោក ភាគច្រើនជាមនុស្សពូកែអាន។ ចូរអានឱ្យក្លាយជាទម្លាប់ ព្រោះនៅក្នុងសៀវភៅមានចម្លើយដែលយើងចង់បាន មានបទពិសោធជីវិតរបស់មនុស្សរាប់ជំនាន់ដែលអ្នកនិពន្ធបានសរសេរទុក មានចំណេះដឹងសម្បូរបែប ហើយវាក៏ផ្តល់ឱកាសឱ្យយើងត្រិះរិះបានស៊ីជម្រៅផងដែរ។ អាន គិត អនុវត្ត រីកចម្រើន។

២- បណ្តុះទម្លាប់ស្តាប់ សង្កេត វិភាគ លើហេតុការណ៍ដែលយើងបានជួបក្នុងជីវិតឱ្យបានច្រើន៖ នោះយើងនឹងក្លាយទៅជាមនុស្សដែលយល់ដឹងបានយ៉ាងឆាប់រហ័ស។ ពេលស្តាប់ យើងនឹងទទួលបានអ្វីដែលយើងគ្មាន  ពេលសង្កេត យើងនឹងដឹងពីដំណើរការនៃការប្រែប្រួលរបស់វត្ថុនៅជុំវិញខ្លួន ពេលវិភាគយើងនឹងទទួលបាននូវដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវ។ ស្តាប់ សង្កេត វិភាគ អនុវត្ត រីកចម្រើន។ 

៣- បណ្តុះទម្លាប់ស្រាវជ្រាវជាប្រចាំ៖ ក្នុងសម័យនេះ យើងអាចស្រាវជ្រាវបានធំទូលាយណាស់ តាមរយៈ Google YouTube Facebook...។ ដើម្បីក្លាយខ្លួនទៅជាមនុស្សចូលចិត្តស្រាវជ្រាវ យើងត្រូវធ្វើខ្លួនជាមនុស្សពូកែឆ្ងល់ជាដំបូង ដោយយើងត្រូវយកសំណួរទាំង៧មកចោទសួរខ្លួនឯងជាប្រចាំ ដែលសំណួរទាំងអស់នោះគឺ ( Wh - question: How? Who? Why? What? Where? When? Which? ) របៀបណា? នរណា? ហេតុអ្វី? តើជាអ្វី? នៅឯណា? នៅពេលណា? ជម្រើសណា? កាលណាយើងឆ្ងល់កាន់តែច្រើន ខួរក្បាលយើងនឹងជំរុញយើងឱ្យស្រាវជ្រាវបានកាន់តែច្រើនដូចគ្នា ។ ចម្ងល់ គឺជាប្រភពនៃគតិបណ្ឌិត។ ពូកែឆ្ងល់ ពូកែស្រាវជ្រាវ នឹងរីកចម្រើន។

៤- សេពគប់មនុស្សដែលចូលចិត្តរៀនសូត្រ មានមនសិការស្នេហាសង្គមជាតិ៖ ឥទ្ធិពលនៃការសេពគប់បុគ្គលប្រភេទនេះ ជាកត្តាជំរុញយើងឱ្យខិតខំអភិវឌ្ឍខ្លួនកាន់តែឆាប់រហ័ស ដូចជាមនុស្សល្ងង់ កាលបើសេពគប់បុគ្គលជាអ្នកប្រាជ្ញហើយ ក៏គង់នឹងក្លាយខ្លួនទៅជាមនុស្សចេះដឹងម្នាក់ដូច្នោះដែរ។

អត្ថបទដោយ៖ ពុយ ស៊ីដេត

រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក



Comments