ស្តាប់ទៅរាងចម្លែកដែរ ដោយសារតែមិនសូវមានគេនិយាយពីមេរៀនដែលរៀបរាប់អំពីដើមដំបងយក្សសោះ។ តើដើមដំបងយក្សមានចំណុចពិសេសអ្វីទៅដែលយើងគួររៀនសូត្រតាម?
ដំបងយក្សគឺជាដើមរុក្ខជាតិមួយប្រភេទ ដែលដុះនៅលើវាលខ្សាច់ ឬដំបន់ដែលស្ងួតហួតហែងផ្សេងៗ។ អ្នកទាំងអស់ប្រហែលជាធ្លាប់ឃើញហើយថា នៅពេលដែលគេពណ៌នាអំពីវាលខ្សាច់ យើងនឹងតែងតែឃើញមានដើមដំបងយក្សដុះនៅជាប់ជានិច្ច ជាពិសេស នៅពេលដែលគេរៀបរាប់អំពីគ្រោះមហន្តរាយដែលបណ្តាលមកពីព្យុះយក្សសូណាមិ ដែលបណ្តាលឱ្យពិភពលោកត្រូវបំផ្លាញខ្ទេចខ្ទី ព្រៃឈើ ត្រូវងាប់អស់ មនុស្សត្រូវស្លាប់ ផែនដីពោរពេញទៅដោយវាលលំហនិងវាលខ្សាច់ ប៉ុន្តែបែរជាមានដើមដំបងយក្សដុះនៅទីនោះទៅវិញ។ នេះគឺជាលក្ខណៈពិសេសមួយរបស់ដើមដំបងយក្ស ហើយតាមរយៈលក្ខណៈពិសេសមួយនេះនិងជាច្រើនទៀត វាបានផ្តល់នូវមេរៀនជីវិតដ៏អស្ចារ្យជាច្រើនដល់មនុស្សយើងផងដែរ។ ចង់ដឹងទេថា តើមេរៀនទាំងអស់នោះគឺជាអ្វី? នៅថ្ងៃនេះ យើងនឹងរៀបរាប់អំពីមេរៀនចំនួនបីដែលអ្នកគួររៀនអំពីដើមដំបងយក្សនិងអាចយកវាទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅដូចតទៅ៖
១-ដំបងយក្សអាចធ្វើនូវអ្វីដែលអ្នកដទៃគិតថាខ្លួនមិនអាចធ្វើបាន៖ ពិតមែនហើយ បើគិតលេងៗទៅដំបងយក្សគ្រាន់តែជាដើមរុក្ខជាតិដែលមិនសូវស្អាត គ្មានស្លឹក មានតែបន្លា ធ្វើម្តេចនឹងអាចទៅរស់នៅតំបន់ដែលខ្វះទឹកបានទៅ។ ប៉ុន្តែ ទោះបីបើបែបនេះក៏ពិតមែន ក៏វាអាចទៅរស់នៅលើវាលខ្សាច់ដ៏ស្ងួតហែងបាន ព្រោះវាមានការតស៊ូខ្ពស់ ដោយវាបានព្យាយាមចាក់ឬសទៅក្នុងដីយ៉ាងជ្រៅ រហូតទៅដល់ប្រភពទឹកដែលអាចចិញ្ចឹមសារពាង្គកាយរបស់វាបាន ដែលសកម្មភាពទាំងនេះ រុក្ខជាតិជាច្រើនមិនអាចធ្វើបាននោះទេ។
២-ដំបងយក្សជារុក្ខជាតិដែលចេះគិតគូរវែងឆ្ងាយ៖ ស្តាប់ទៅគួរឱ្យអស់សំណើចមែនទេ? ដំបងយក្សវាមិនមានខួរក្បាលនោះទេ ប៉ុន្តែវាជារុក្ខជាតិដែលចេះគិតគូរបានវែងឆ្ងាយ។ តួយ៉ាង វាបានស្តុកទុកទឹកជាច្រើននៅក្នុងខ្លួនរបស់វា ដើម្បីជាអាហារបម្រុង ឬដើម្បីទុកប្រើប្រាស់នៅពេលមានបញ្ហាកើតឡើងផ្សេងៗដូចជា នៅពេលដែលមជ្ឈដ្ឋានខាងក្រៅមិនអំណោយផល (រាំងស្ងួត) ពោលគឺវាមិនមែនចេះតែប្រើប្រាស់ផ្តេសផ្ដាសនោះទេ ឬស្រូបទឹកបានប៉ុន្មានប្រើអស់ប៉ុណ្ណឹងនោះឡើយ ហើយវាជារុក្ខជាតិដែលចេះសន្សំសំចៃ ព្រោះវាមានចក្ខុវិស័យមើលឃើញអនាគតបានវែងឆ្ងាយ។
៣-ដំបងយក្សជារុក្ខជាតិដែលអាចប្រើប្រាស់ថាមពលក្នុងខ្លួនដើម្បីក្រោកឈរឡើងវិញបាន៖ បន្ទាប់ពីព្យុះដ៏កំណាចផ្សេងៗបានចូលមកបំផ្លាញនិងធ្វើឱ្យអ្វីៗនៅលើពិភពលោកស្ទើរតែរលាយបាត់អស់ និងមិនងាយក្រោកឈរឡើងដើម្បីបន្តជីវិតទៅមុខទៀតក៏ដោយ ប៉ុន្តែដំបងយក្សបានប្រើអាហារបម្រុងរបស់ខ្លួនទៅបង្កើតឫសចាក់ចូលក្នុងដីឱ្យបានជ្រៅជាមុន ដើម្បីមានជីវិតអាចរស់ឡើងវិញបាន។ ជីវិតរបស់មនុស្សយើងក៏ដូចគ្នា នៅពេលដែលយើងជួបនូវបញ្ហា ក្ស័យធន ក្រុមហ៊ុនធ្លាក់ដល់កម្រិតសូន្យ លែងមានអ្នករាប់អាន ចៅហ្វាយដេញចេញពីការងារ ក៏យើងមិនត្រូវចុះចាញ់ឡើយ ពោលគឺយើងត្រូវប្រើប្រាស់នូវចំណេះដឹងដើម្បីស្រោចស្រង់ក្រុមហ៊ុនឱ្យដំណើរការឡើងវិញ។ បន្ទាប់ពីក្រុមហ៊ុនដំណើរការឡើងវិញហើយ ក្រុមហ៊ុនរបស់អ្នកនឹងមិនងាយដួលរលំទៀតឡើយ ព្រោះអ្នកបានដឹងយ៉ាងច្បាស់កាលពីមុនអំពីមូលហេតុធ្វើឱ្យវាដួលរលំ ដូច្នេះអ្នកនឹងមិនធ្វើវាឱ្យបរាជ័យម្តងទៀតឡើយ។
អត្ថបទដោយ៖ លក់ តុងអេង(ទឹកភ្លៀង)
© គ្រឹះស្ថានហាតប៊ុក
Comments
Post a Comment