![]() |
សៀវភៅ សាកថ្មជីវិត របស់គ្រឹះស្ថានហាតប៊ុក |
កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក បានចេញផ្សាយនូវសៀវភៅថ្មីមួយដែលមានចំណងជើងថា "សាកថ្មជីវិត"។ ត្រឹមតែចំណងជើងនៃសៀវភៅមួយនេះ ក៏ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកអាន ប៉ុន្តែខ្លឹមសារនៃសៀវភៅនេះក៏មិនធ្វើឱ្យអ្នកគាំទ្រខកបំណងនោះដែរ។
សៀវភៅ "សាកថ្មជីវិត" គឺជាសៀវភៅបែបអភិវឌ្ឍសមត្ថភាពដែលប្រមូលផ្ដុំទៅដោយគំនិត គន្លឹះ និងវិធីសាស្រ្តល្អៗក្នុងការអភិវឌ្ឍជីវិត ហើយត្រូវបានបែងចែកទៅជា៦ចំពូកធំៗ ដែលរួមមាន៖ ១- ការសាកថ្មឱ្យខ្លួនឯង ២- ការសាកថ្មឱ្យស្នេហានិងមិត្តភាព ៣- ការសាកថ្មគ្រួសារ ៤- ការសាកថ្មការងារ ៥- ការសាកថ្មហិរញ្ញវត្ថុ និង ៦-ការសាកថ្មឱ្យសង្គមជាតិ។ អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍ សៀវភៅ សាកថ្មជីវិត មិនមែនជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធតែម្នាក់នោះទេ ប៉ុន្តែជាស្នាដៃដែលប្រសូតចេញពីការសហការរៀបរៀងរបស់ក្រុមអ្នកសរសេរវ័យក្មេងរបស់ហាតប៊ុកដែលមានសមាជិករហូតដល់ទៅ១១នាក់ឯណោះ។
ថ្លែងពីបុព្វហេតុនៃការរៀបរៀងនិងដាក់ចំណងជើងសៀវភៅបែបនេះ សមាជិកក្រុមអ្នករៀបរៀងបានលើកឡើងថា៖ "គោលបំណងរបស់សៀវភៅនេះគឺការផ្ដល់ជាគំនិតនិងវិធីសាស្ត្រអភិវឌ្ឍខ្លួនឯងទៅដល់អ្នកដែលកំពុងជួបនូវបញ្ហាឬអស់សង្ឃឹមក្នុងជីវិត ពោលគឺពួកគាត់មានអារម្មណ៍ថាកំពុងបាត់បង់ថាមពលប្រៀបបីដូចជាទូរសព្ទដែលអស់ថ្មអ៊ីចឹង។ ដូច្នេះហើយ ទើបយើងសន្មតដាក់ចំណងជើងសៀវភៅនេះថា សាកថ្មជីវិត ដើម្បីអ្នកអានទទួលបាននូវអារម្មណ៍ថា នៅពេលដែលទូរសព្ទមានថាមពលថ្មពេញ គាត់សប្បាយចិត្ត ដូច្នេះប្រសិនបើជីវិតរបស់គាត់មានថាមពលពេញដែរ គាត់ក៏នឹងសប្បាយចិត្តដូចគ្នា។ ចំណុចដ៏គួរឱ្យកត់សម្គាល់មួយទៀតនោះគឺ សៀវភៅសាកថ្មជីវិតបានបង្វែរអារម្មណ៍អ្នកអានឱ្យយល់ថា ការសាកថ្មជីវិតមិនមែនសំដៅតែទៅលើការគិតអំពីខ្លួនឯងតែមួយមុខនោះឡើយ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងមនុស្សដែលស្ថិតនៅជុំវិញខ្លួនយើងរួមទាំងសង្គមជាតិផងដែរ ទើបយើងបានដាក់បញ្ចូលរហូតដល់ទៅ៦ចំពូកឯណោះ។ ក្រុមការងារយើងក៏សូមបញ្ជាក់បន្ថែមផងដែរថា សាកថ្មជីវិត គឺជាសៀវភៅបែបអានហើយយកទៅអនុវត្ត ទើបទទួលបានប្រសិទ្ធភាព មិនមែនគ្រាន់តែអានហើយ មានថាមពលក្នុងជីវិតភ្លាមនោះទេ។"
អាស្រ័យដូចបានលើកឡើងខាងលើនេះហើយ ទើបសៀវភៅ សាកថ្មជីវិត ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកអាន ដោយសារតែការអានសៀវភៅនេះនឹងជួយឱ្យមនុស្សយល់កាន់តែច្បាស់ពីអត្ថន័យនៃជីវិតរបស់ខ្លួនឯង និងដឹងពីវិធីនៃការបញ្ចូលថាមពលឱ្យខ្លួនឯងជារៀងរាល់ពេល បើទោះបីជាគ្មានអ្នកនៅចាំបញ្ចូលថាមពលឱ្យក៏ដោយ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ សៀវភៅ "សាកថ្មជីវិត" បានក្លាយទៅជាសៀវភៅថ្មីដែលលក់ដាច់ជាងគេ នៅក្នុងខែដំបូងនៃការចេញផ្សាយរបស់គ្រឹះស្ថានហាតប៊ុក។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍និងចង់អានសៀវភៅ "សាកថ្មជីវិត" អាចស្វែងរកបាននៅតាមបណ្ណាគារនិងតូបលក់សៀវភៅមួយចំនួននៅភ្នំពេញនិងតាមបណ្ដាខេត្ត។
![]() |
សៀវភៅ សាកថ្មជីវិត របស់គ្រឹះស្ថានហាតប៊ុក |
អត្ថបទដោយ៖ គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក
Comments
Post a Comment