ជាធម្មតា មនុស្សពីរនាក់ដែលស្រឡាញ់គ្នាពិតជាចង់មានពេលវេលាផ្អែមល្ហែមជាមួយនឹងគ្នាណាស់ ហើយក៏មិនចង់មានជម្លោះជាមួយគ្នានោះឡើយ ព្រោជម្លោះអាចនាំអ្នកទាំងពីរឱ្យឈានទៅរកការបែកបាក់គ្នាបាន។ ប៉ុន្តែពេលខ្លះ មនុស្សប្រុសពិតជាមើលចិត្តមនុស្សស្រីមិនធ្លុះនោះទេ ហើយពេលខ្លះទៀត ពួកគេគិតថាពាក្យសម្តីដែលគេនិយាយទៅគ្រាន់តែជាពាក្យធម្មតាប៉ុណ្ណោះ ប៉ុន្តែបែរជាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សស្រីជាទីស្រឡាញ់របស់ខ្លួនទៅវិញ។
ខាងក្រោមនេះ គឺជាប្រយោគចំនួន៥ដែលមនុស្សស្រីមិនចង់ស្ដាប់ឮចេញពីមាត់របស់បុរសដែលជាគូស្នេហ៍៖
១- “អូនធ្លាប់ទាក់ទងជាមួយនឹងមនុស្សប្រុសប៉ុន្មាននាក់ហើយ?”៖ ដ្បិតថាប្រយោគនេះធម្មតា ហើយត្រូវបានសួរជាទូទៅ ប៉ុន្តែសម្រាប់នារីដែលជាដៃគូសង្សាររបស់អ្នកប្រាកដជាមានអារម្មណ៍អន់ចិត្តមិនខាន។ នាងមានអារម្មណ៍ថា អ្នកមិនទុកចិត្តនាងហើយអ្នកនៅតែប្រកាន់ពីអតីតកាលរបស់នាង ទើបព្យាយាមជជីកសួរនាងអំពីរឿងពីមុនៗ។ ដូច្នេះ ស៊ូឱ្យនាងប្រាប់អ្នកដោយខ្លួនឯង ប៉ុន្តែកុំព្យាយាមជីកឬសជីកគល់ពីរឿងអតីតកាលរបស់នាងអី ទើបជាការប្រសើរ។
២- “បងគ្រាន់តែលេងសើចជាមួយគេប៉ុណ្ណោះ”៖ មនុស្សស្រី គឺជាមនុស្សដែលពូកែប្រចណ្ឌនិងហួងហែងខ្លាំងបំផុត ជាពិសេសចំពោះមនុស្សដែលនាងស្រឡាញ់ ដោយនាងមិនចង់ឱ្យអ្នកណាមកពាក់ព័ន្ធឬចង់ឱ្យអ្នកទៅពាក់ព័ន្ធជាមួយនេឹងអ្នកណាឡើយ ទោះបីបើវាជាការលេងសើចក៏ដោយ ព្រោះនាងខ្លាចថា ការដែលអ្នកលេងសើចយូរៗទៅ វាអាចនឹងធ្វើឱ្យអ្នកបែកគំនិតលួចក្បត់នាងបាន។ អ្វីដែលនាងត្រូវការ គឺភាពច្បាស់លាស់ជាមួយនឹងនាងតែម្នាក់ប៉ុណ្ណោះ។
៣- “បងលែងស្រលាញ់គេហើយគ្រាន់តែនៅបារម្ភពីគេខ្លះៗប៉ុណ្ណោះ”៖ អ្នកកំពុងតែយកសាំងមកដុតខ្លួនឯងហើយ ព្រោះមនុស្សស្រីស្អប់បំផុតនៅពេលដែលអ្នកកំពុងទាក់ទងជាមួយខ្លួន បែរជាអ្នកនៅមានអារម្មណ៍ជាប់ពាក់ព័ន្ធជាមួយនឹងអ្នកចាស់ទៀត។ ចង់មិនចង់ នាងប្រាកដជាលួចតូចចិត្តដែលអ្នកនៅមានអារម្មណ៍ខ្វល់ពីអ្នកចាស់ ហើយនាងប្រាកដជាគិតថា មកពីខ្លួនឯងមិនល្អគ្រប់គ្រាន់ ទើបមិនអាចធ្វើឱ្យអ្នកភ្លេចអ្នកចាស់បានឬបារម្ភថាអ្នកនឹងវិលត្រឡប់ទៅរកអ្នកចាស់វិញក៏ថាបាន។
៤- “បងមិនដឹងទេ ឬបងមិនច្បាស់ទេ”៖ ជាប្រយោគខ្លី ប៉ុន្តែអាចនឹងធ្វើឱ្យដៃគូរបស់អ្នកមិនទុកចិត្តអ្នក ព្រោះនាងអាចនឹងមានអារម្មណ៍ថា អ្នកមិនច្បាស់លាស់ អ្នកមិនចង់ឆ្លើយតប អ្នកអាចនឹងមានអ្វីកុហក ឬអ្នកមានរឿងអ្វីដែលលាក់បាំងមិនចង់ប្រាប់នាង។ ចំពោះមនុស្សស្រី បើនាងសួរសំណួរទៅកាន់អ្នកហើយ នាងប្រាកដជាចង់បានចម្លើយច្បាស់ៗនិងចំៗ ប៉ុន្តែប្រសិនបើអ្នកឆ្លើយមិនចំសំណួរឬឆ្លើយមិនច្បាស់ នាងនឹងគិតថា អ្នកមានអ្វីលាក់បាំងឬកុហកនាងមិនខាន។
៥- “បងមិនទាន់ចង់គិតពីរឿងអនាគតទេ”៖ ត្រឹមតែមួយប្រយោគខ្លីនេះបានបង្ហាញច្បាស់រួចហើយថា អ្នកមិនបានច្បាស់លាស់ជាមួយនឹងនាង ហើយអ្នកក៏មិនអាចមើលថែនាងបានទៅដល់អនាគតបាននោះទេ ព្រោះត្រឹមតែអនាគតរបស់អ្នក អ្នកមិនដែលគិតផង តើអ្នកអាចគិតដល់ផ្លូវជីវិតដែលដើររួមគ្នាទៅមុខជាមួយនឹងនាងម្តេចបាន?
អត្ថបទដោយ៖ អៀង គឹមលាង
រក្សាសិទ្ធិដោយ៖ គ្រឹះស្ថានហាតប៊ុក
Comments
Post a Comment