ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យ សិស្សានុសិស្សភាគច្រើនតែងតែគិតថា ខ្លួនឯងរៀនបានច្រើនហើយ ព្រមទាំងចេះបានច្រើនដែរ ហើយអាចមានពេលវេលាសម្រាកលំហែច្រើន ប៉ុន្តែពួកគេមិនទាន់បានដឹងនៅឡើយថា ជីវិតក្រោយបញ្ចប់វិទ្យាល័យ ពួកគេនឹងជួបនូវឧបសគ្គនិងផលលំបាកអ្វីខ្លះនោះទេ។
ខាងក្រោមនេះជារឿងដែលអ្នកនឹងត្រូវជួបប្រទះក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ៖
១- ជ្រើសរើសជំនាញរៀននៅសកលវិទ្យាល័យ៖ ក្រោយពីបញ្ចប់វិទ្យាល័យ អ្នកត្រូវពិចារណាជ្រើសរើសមុខជំនាញដែលខ្លួនស្រឡាញ់និងសម្លឹងមើលទីផ្សារការងារ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររបស់អ្នក
២- ស្វែងរកសកលវិទ្យាល័យ៖ ការស្វែងរកសកលវិទ្យាល័យដែលល្អនិងសក្តិសមតាមជំនាញដែលយើងចង់រៀនក៏ជារឿងមួយដែលសំខាន់ ដែលវាអាចស្ថិតនៅតាមបណ្ដាខេត្តឬនៅរាជធានីភ្នំពេញ អាស្រ័យទៅលើលទ្ធភាពដែលយើងមាន
![]() |
សកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញ (ប្រភព៖ Kanha Sabay) |
៣- ការចូលរួមការងារសង្គម៖ ការរៀននៅតែសកលវិទ្យាល័យពិតជាមិនគ្រប់គ្រាន់ទេ យើងត្រូវចូលរួមក្នុងការងារសង្គម សិក្ខាសាលា និងកម្មវិធីសប្បុរិសធម៌ផ្សេងៗ ដើម្បីឱ្យយើងអាចឈ្វេងយល់ពីមនុស្ស ទំនាក់ទំនង របៀបធ្វើការ និងទទួលបាននូវបទពិសោធថ្មីៗផងដែរ។
៤- ការស្វែងរកការងារធ្វើ៖ ប្រាកដណាស់ អ្នកត្រូវតែប្រឈមមុខនឹងការស្វែងរកការងារមួយក្នុងទីផ្សារយ៉ាងប្រកួតប្រជែង ដើម្បីរកចំណូលមកផ្គត់ផ្គង់ខ្លួនឯង ការសិក្សា និងគ្រួសារ។
៥- ការររស់នៅដ៏លំបាក៖ ជីវិតនៃការរៀនផងនិងធ្វើការផងមិនមែនជាជីវិតមួយដ៏ងាយស្រួលនោះទេ ព្រោះប្រាក់ខែដែលអ្នកទទួលបានអាចនឹងតិចតួច ត្រូវស្នាក់នៅផ្ទះជួល បង់ថ្លៃទឹកភ្លើង ចំណាយលើម្ហូបអាហារ និងជួបបញ្ហាជាច្រើនទៀត
៦- គំនិតអាជីវកម្ម៖ អ្នកអាចឈ្វេងយល់អំពីគំនិតក្នុងការបង្កើតអាជីវកម្ម ការធ្វើជំនួញ ការបើកអាជីវកម្មខ្នាតតូចឬមធ្យម សង្កេតមើលពីមនុស្សជុំវិញខ្លួន ដើម្បីទុកជាទុននៃគំនិតនៅថ្ងៃក្រោយ ព្រោះយើងមិនអាចធ្វើការឱ្យគេមួយជីវិតនោះទេ។
រៀបរៀងដោយ៖ ធី វីរាក់
©គ្រឹះស្ថានហាតប៊ុក
![]() |
សៀវភៅ សកលវិទ្យាល័យជីវិត |
Comments
Post a Comment