នៅពេលដែលគេនិយាយទាក់ទងទៅនឹងភាពស្រស់ស្អាត មនុស្សយើងជាច្រើនបានផ្ដោតសំខាន់ទៅលើសម្រស់តែមួយមុខប៉ុណ្ណោះ ជាពិសេសចំពោះមនុស្សស្រី ពោលគឺយើងតែងតែសន្មតថា មនុស្សដែលសម្រស់ស្រស់ស្អាតឬមិនស្អាត គឺអាស្រ័យទៅលើមុខមាត់និងរូបរាងខាងក្រៅរបស់មនុស្សម្នាក់នោះតែប៉ុណ្ណោះ។ តាមពិតទៅ នៅពេលដែលយើងនិយាយពីភាពស្រស់ស្អាតពិតប្រាកដ មានកត្តាច្រើនណាស់ដែលយើងត្រូវប្រើប្រាស់ជាសំអាងដើម្បីកំណត់ទៅលើសម្រស់របស់មនុស្សម្នាក់នោះ។
ខាងក្រោមនេះ គឺជាលក្ខណសម្បត្តិទាំងប្រាំដែលអាចកំណត់ទៅលើភាពស្រស់ស្អាតដ៏ពិតប្រាកដរបស់មនុស្សស្រី៖
១- មនុស្សស្រីដែលមានទឹកចិត្តល្អ៖ មនុស្សស្រីពោរពេញដោយទឹកចិត្តល្អមានភាពស្រស់ស្អាតជាងរូបរាងនិងមុខមាត់ទៅទៀត ដោយពួកគេគឺជានារីដែលមានបេះដូងចេះអាណិតអាសូរ ចេះជួយទុក្ខធុរៈ និងចេះខ្វល់ពីសុខទុក្ខរបស់អ្នកដទៃ។
២- មនុស្សស្រីដែលមានក្ដីមេត្តាករុណា៖ មនុស្សស្រីដែលមានទឹកចិត្តមេត្តាករុណាធ្វើឱ្យនាងកាន់តែមានសម្រស់ស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះ ក្ដីមេត្តារបស់នាងក៏បានធ្វើឱ្យការងារ ស្នេហា គ្រួសារ ឬអ្វីៗផ្សេងទៀតនៅក្នុងជីវិតមានសភាពស្រស់បំព្រងផងដែរ។
៣- មនុស្សស្រីដែលមានភាពរឹងមាំ៖ មនុស្សស្រីដែលរឹងមាំ គឺជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ ដោយនាងមិនងាយចុះចាញ់ឬបណ្តោយខ្លួនទៅតាមសង្គមនោះទេ។ នាងមានទំនុកចិត្ត
ភាពក្លាហាន និងកម្លាំងក្នុងការបំពេញការងារផ្សេងៗ។
៤- មនុស្សស្រីដែលមានភាពឆ្លាតវៃ៖ មិនថានាងមានរូបរាងខាងក្រៅយ៉ាងណានោះទេ
មនុស្សស្រីឆ្លាតវៃមានភាពទាក់ទាញជាងមនុស្សស្រីធម្មតា។ មនុស្សស្រីបែបនេះជាមនុស្សស្រេកឃ្លានចំណេះដឹង
គិតពិចារណាវែងឆ្ងាយ ស្គាល់ខុសត្រូវ ល្អអាក្រក់ និងតែងតែជំរុញទឹកចិត្តនិងឆន្ទៈខ្លួនឯងជានិច្ច។
៥- មនុស្សស្រីដែលមានស្មារតីរឹងប៉ឺង៖ សម្រស់ពិតរបស់មនុស្សស្រី ក៏អាចត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្មារតីរបស់នាងផងដែរ។ ក្នុងនោះ យើងអាចមើលឃើញបានតាមរយៈរបៀបដែលនាងស៊ូទ្រាំនឹងឧបសគ្គនិងវិធីដែលនាងដោះស្រាយបញ្ហា។ ស្មារតីទទួលខុសត្រូវ បូករួមនឹងភាពរីករាយរបស់មនុស្សស្រី
គឺជាលម្អដ៏ស្រស់ស្អាតបំផុតមួយនៃនារីមួយរូបនោះ។
អត្ថបទដោយ៖ ធី វីរាក់
©គ្រឹះស្ថានហាតប៊ុក
Comments
Post a Comment